(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ថាលោក គីម ជុងអ៊ុន បានបញ្ជា និងត្រួតពិនិត្យដោយផ្ទាល់ ការបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយចំនួន ២គ្រាប់ ដែលសុទ្ធសឹងតែមានសមត្ថភាពពំាក្បាលគ្រាប់នុយក្លេអ៊ែរ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២។

បើតាម KCNA ការធ្វើតេស្ដខាងលើធ្វើឡើងកាលពីថ្ងៃពុធសប្ដាហ៍នេះ និងមានគោលដៅពង្រឹងសមត្ថភាពប្រយុទ្ធ ហើយមីស៊ីលគ្រូសទាំង២នេះត្រូវបាន ដាក់ពង្រាយរួចរាល់ហើយសម្រាប់ឱ្យកងទ័ពប្រជាជនកូរ៉េប្រើប្រាស់ ក្នុងប្រតិបត្តិការនុយក្លេអ៊ែរតាក់ទិក។ KCNA បានឱ្យដឹងទៀតថាមីស៊ីលទាំង២គ្រាប់ បានហោះក្នុងរយៈពេល ១០,២៣៤វិនាទី និងវាយប្រហារចំគោលដៅដែលបានកំណត់នៅចម្ងាយ ២,០០០គីឡូម៉ែត្រ។

ចំណែកឯ ខាងសហរដ្ឋអាមេរិកមិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ តែក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោននៅតែបន្តផ្ដោត លើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូ ដើម្បីទប់ស្កាត់ការគំរាមកំហែងនានាបង្កឡើងដោយកូរ៉េខាងជើង។

គួរបញ្ជាក់ថា​ កាលពីថ្ងៃចន្ទដើមស​ប្ដាហ៍កន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ក៏បានរាយការណ៍ដែរថាលោក គីម ជុងអ៊ុន បានដឹកនាំដោយផ្ទាល់ការធ្វើ សមយុទ្ធនុយក្លេអ៊ែរតាក់ទិក សំដៅពង្រឹងសមត្ថភាពវាយប្រហារលើកូរ៉េខាងត្បូងក្នុងករណីចាំបាច់ កាលពីជាង២សប្ដាហ៍មុន និងជាការតវ៉ាជំទាស់ ទៅនឹងការធ្វើសមយុទ្ធយោធាជើងទឹករួមគ្នារវាងសហរដ្ឋអាមរិក និងកូរ៉េខាងត្បូង៕