(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារ ទី១១ ខែតុលានេះ បានព្រមានអារ៉ាប៊ីសាអូឌីតពីផលវិបាក បន្ទាប់ពីទីក្រុងរីយ៉ាដបានដឹកនាំអង្គការ OPEC+ ធ្វើការសម្រេចចិត្តកាលពីសប្ដាហ៍មុន ក្នុងការកាត់បន្ថយការផលិតប្រេង ២លានបារែលក្នុងមួយថ្ងៃ ចាប់ពីខែវិច្ឆិកាខាងមុខនេះតទៅ ដែលនេះកំពុងបង្កឱ្យមាន ការព្រួយបារម្ភពីប្រេងឡើងថ្លៃ។ ការព្រមានរបស់លោក បៃដិន ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយ CNN និងជាង៣ខែ ក្រោយលោក បៃដិន បំពេញទស្សនកិច្ចទៅកាន់ ទីក្រុងរីយ៉ាដ ដើម្បីព្យាយាមបញ្ចុះបញ្ចូលឱ្យអារ៉ាប៊ីសាអូឌីតបង្កើនការផលិតប្រេង។
បើតាមកាសែត Wall Street Journal ក្រុមមន្ត្រីអាមេរិកក៏បានព្រមានមេដឹកនាំអារ៉ាប៊ីសាអូឌីតត្រង់ៗដែរថាការកាត់បន្ថយការផលិតប្រេងនេះអាចនឹងត្រូវបានចាត់ទុកថា ជាជម្រើសមួយយ៉ាងច្បាស់ដែលទីក្រុងរីយ៉ាដ សម្រេចឈរនៅខាងរុស្ស៉ីក្នុងសង្រ្គាមអ៊ុយក្រែន ហើយទង្វើនេះនឹងកាន់តែធ្វើឱ្យការគំាទ្ររបស់សហរដ្ឋអាមេរិកចំពោះ អារ៉ាប៊ីសាអូឌីត ដែលកំពុងធ្លាក់ចុះស្រាប់នឹងធ្លាក់ចុះបន្ថែមទៀត។ លោក បៃដិន មិនបានបញ្ជាក់លម្អិតថាតើលោកនឹងចាត់វិធានការឆ្លើយតបបែបណានោះទេ តែសមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពលម្នាក់មកពីគណបក្សប្រជាធិបតេយ្យ គឺលោក បុប មេនិនដែស (Bob Menendez) បាននិយាយថាសហរដ្ឋអាមេរិកត្រូវតែបញ្ឈប់ ជាបន្ទាន់នូវរាល់កិច្ចសហប្រតិបត្តិការជាមួយអារ៉ាប៊ីសាអូឌីត ក្នុងនោះរួមមានទាំងការលក់អាវុធជាដើម។
អ្វីដែលកំពុងកើតឡើង វាជាចំណុចបត់មួយដ៏សំខាន់នៃសម្ព័ន្ធភាពទឹកឃ្មុំជាង ៧០ឆ្នាំមកនេះរវាងប្រទេសទាំង២។ អារ៉ាប៊ីសាអូឌីតធ្លាប់តែត្រូវបានគេមើលឃើញថា តែងតែដើរតាមនយោបាយរបស់សហរដ្ឋអាមេរិក ដែលបានផ្ដល់អភ័យឯកសិទ្ធិពិសេសដល់សម្ព័ន្ធមិត្តអារ៉ាប់របស់ខ្លួនមួយនេះ។ «ដូច្នេះថាតើរាត្រីទឹកឃ្មុំរវាងអាមេរិក និងអាប៊ីសាអូឌីត ឈានចូលរាត្រីទឹកខ្មេះ ហើយឬ? ហើយថាតើហេតុអ្វីបានជាអារ៉ាប៊ីសាអូឌីត មិនអើពើនឹងសំណើពីរដ្ឋបាលលោក ចូ បៃដិន?»
នៅពេលនិយាយដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត គេតែងតែនឹកឃើញមុនគេដល់ «យោធា និងប្រេង»។ ពោលគឺអស់រយៈពេលរាប់សិបឆ្នាំ មកនេះ សហរដ្ឋអាមេរិកបានផ្ដល់ការការពារផ្នែកយោធាដល់អារ៉ាប៊ីសាអូឌីត ដើម្បីដូរយកប្រេងក្នុងតម្លៃថោកមកវិញ។ ប៉ុន្តែ តាំងតែពីមុនពេលលោក បៃដិន បំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត កាលពីខែកក្កដាកន្លងទៅ ក្រុមមន្ត្រីអារ៉ាប៊ីសាអូឌីតបានចាប់ផ្ដើមនិយាយជាសាធារណៈថាធម្មជាតិនៃភាពជាដៃគូរវាងទីក្រុង វ៉ាស៊ីនតោន និងទីក្រុងរីយ៉ាដ បានផ្លាស់ប្ដូរអស់ទៅហើយ ក្លាយជា «សម្ព័ន្ធភាពមួយបាត់បង់តុល្យភាព» ដោយសារតែការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើន។ ក្នុងនោះរួមមាន ការព្យាយាមរបស់រដ្ឋបាលលោក បៃដិន ក្នុងការស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ ជាមួយអ៉ីរ៉ង់ដែលជាសត្រូវស៊ូពូជរបស់អារ៉ាប៊ីសាអូឌីត, អន្តរាគមន៍យោធារបស់ អារ៉ាប៊ីសាអូឌីត ក្នុងសង្រ្គាមនៅយេម៉ែន និងការយល់ឃើញរបស់អារ៉ាប៊ីសាអូឌីតថាខ្វះការការពារពីទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងការវាយប្រហារពីសំណាក់កងជីវពល គាំទ្រដោយអ៉ីរ៉ង់។
ពិតមែនទៅ ទាំងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត នៅតែត្រូវការគ្នាទៅវិញទៅមកសម្រាប់យុទ្ធសាស្ត្ររយៈពេលវែងប្រឆាំងនឹងអ៉ីរ៉ង់។ ក៏ប៉ុន្តែទាស់នៅត្រង់ថា អារ៉ាប៊ីសាអូឌីត ចូលចិត្តគណបក្សសាធារណរដ្ឋ និងប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ ច្រើនជាងគណបក្សប្រជាធិបតេយ្យ។ ម្លោះហើយការបដិសេធចំពោះសំណើ របស់ក្រុមមន្ត្រីរដ្ឋបាលលោក ចូ បៃដិន ដែលទាមទារឱ្យពន្យារពេលការកាត់បន្ថយការផលិតប្រេងរយៈពេលមួយខែ ដោយរង់ចាំរហូតដល់ក្រោយការបោះឆ្នោតពាក់ កណ្ដាលអាណត្តិនៅខែវិច្ឆិកាខាងមុខ ត្រូវបានគេមើលឃើញថាទីក្រុងរីយ៉ាដ ហាក់ដូចជាចង់ឱ្យគណបក្សសាធារណរដ្ឋ ឡើងមកគ្រប់គ្រងសភាទាំង២របស់អាមេរិកជាថ្មី តាមរយៈការបណ្ដោយប្រេងឡើងថ្លៃ និងអតិផរណា ដើម្បីឱ្យលោក បៃដិន និងគណបក្សប្រជាធិបតេយ្យចាញ់នៅក្នុងការបោះឆ្នោតនេះ ខណៈបញ្ហាទាំងពីរនេះបាន និងកំពុងក្លាយជាចំណុចក្ដៅនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត។
ជាងនេះទៅទៀត នៅក្នុងពិភពលោកដែលមានប៉ូលមហាអំណាច្រើនក្នុងពេលសព្វថ្ងៃ សហរដ្ឋអាមេរិកលែងជាមហាអំណាចដែលអាចកាច់ចង្កូតពិភពលោកតែម្នាក់ឯង បានទៀតនោះទេ រីឯអារ៉ាប៊ីសាអូឌីតក៏ដឹងច្បាស់ដែរថាខ្លួនមិនអាចពឹងផ្អែកលើអាមេរិកដូចមុនទៀតនោះដែរ ហើយបានចាប់ផ្ដើមមានមហិច្ឆតាចង់ក្លាយជាតួអង្គដ៏សំខាន់ នៅលើឆាកអន្តរជាតិដោយមិនចាំបាច់មើលទឹកមុខអាមេរិក។ កាលពីខែកញ្ញាកន្លងទៅ ព្រះអង្គម្ចាស់រជ្ជទាយាទ មហាំម៉ាត់ ប៊ីនសាល់ម៉ាន បានផ្ដើមបោះជំហានដ៏ភ្ញាក់ផ្អើល ក្នុងការលើកមុខមាត់អារ៉ាប៊ីសាអូឌីត តាមរយៈការធ្វើជាអ្នកសម្របសម្រួលដោយសម្រេចបាននូវការដោះដូរឈ្លើយសឹករវាងរុស្ស៉ី និងអ៊ុយក្រែន។ មិនតែប៉ុណ្ណោះសូម្បីតែ មេដឹកនាំលោកខាងលិចក៏ចាប់ផ្ដើមបោះដៃមករកព្រះអង្គម្ចាស់ដែរ ដោយក្រៅពីលោក បៃដិន ព្រះអង្គម្ចាស់ ប៊ីនសាល់ម៉ាន បានជួបពិភាក្សាការងារជាមួយមេដឹកនាំមកពី បារាំង ចក្រភពអង់គ្លេស អាល្លឺម៉ង់ រួមទាំងតួកគីដែលសុទ្ធសឹងកំពុងសម្លឹងឃើញកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ជាមួយស្ដេចប្រេងមួយនេះ។
ក្រុមមន្ត្រីអារ៉ាប៊ីសាអូឌីត បានអះអាងជារឿយៗថាពួកគេចង់រក្សាតុល្យភាពនៃទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកផង និងរុស្ស៉ីផង។ រុស្ស៉ីគឺជាតួអង្គមួយដ៏សំខាន់មិនមែន ត្រឹមតែក្នុងវិស័យថាមពលប៉ុណ្ណោះទេ តែទីក្រុងមូស្គូក៏កំពុងមានតួនាទីដ៏សំខាន់នៅក្នុងជម្លោះក្នុងតំបន់ផងដែរដូចជានៅស៊ីរី និងលីប៊ី ហើយជាពិសេសនោះរុស្ស៉ីជាភាគី មួយនៃកិច្ចចរចានុយក្លេអ៊ែរជាមួយអ៉ីរ៉ង់ ហើយខុសពីសហរដ្ឋអាមេរិក រុស្ស៉ីមិនដែលរិះគន់លើបញ្ហាសិទ្ធិមនុស្សនៅអារ៉ាប៊ីសាអូឌីតទេ។ អារ៉ាប៊ីសាអូឌីត និងប្រទេសអារ៉ាប់ ដទៃទៀតមិនបានចូលរួមជាមួយសហរដ្ឋអាមេរិក ថ្កោលទោស ឬដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងមូស្គូ សម្រាប់ការឈ្លានពានអ៊ុយក្រែននោះទេ ដោយពួកគេខ្លាច ថាបើធ្វើឱ្យរុស្ស៉ីខឹង នោះលោក ពូទីន អាចនឹងផ្ដល់ការគាំទ្រដល់អ៉ីរ៉ង់យ៉ាងពេញទំហឹង។
គួរបញ្ជាក់ថា ឆ្លើយតបទៅនឹងការរិះគន់ពីសហរដ្ឋអាមេរិក រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ អាប់ឌុលអាស៊ីស ប៊ីន សាល់ម៉ាន (Abdulaziz bin Salman) បាននិយាយថាការសម្រេចចិត្តរបស់ OPEC+ គឺមានជាប់ពាក់ព័ន្ធនឹងសេដ្ឋកិច្ចសុទ្ធសាធ ដោយមិនមែនជាចេតនានយោបាយអ្វីឡើយ។ ចំណែកឯ អគ្គលេខាធិការអង្គការ OPEC លោក ហៃសាំ អាល់ហ្គ័អ៉ីស (Haitham Al Ghais) ក៏បានសង្កត់ធ្ងន់ដែរថាការកាត់បន្ថយការផលិតប្រេងធ្វើឡើងឈរលើមូលដ្ឋាន នៃសូចនាការដែលបង្ហាញថា វិបត្តិសេដ្ឋកិច្ចសកលកាន់តែខិតជិតចូលមកដល់។
ដោយសារតែពឹងផ្អែកខ្លាំងលើប្រេង សេដ្ឋកិច្ចអារ៉ាប៊ីសាអូឌីតតែងតែងាយរងគ្រោះដោយសារប្រេងធ្លាក់ថ្លៃ ហើយក្រុមអ្នកជំនាញយល់ថាបច្ចុប្បន្នជាឱកាសដែល អារ៉ាប៊ីសាអូឌីត កើបលុយបង្កើនប្រាក់ចំណូលជាតិពីការលក់ប្រេង និងការពារខ្លួនឯងពីវិបត្តិសេដ្ឋកិច្ច។ ក្រុមមន្ត្រីអារ៉ាប៊ីសាអូឌីត ក៏មានការព្រួយបារម្ភដែរថាការព្យាយាម របស់សហរដ្ឋអាមេរិក និងក្រុមប្រទេស G7 ក្នុងការដាក់ទណ្ឌកម្មលើរុស្ស៉ីដោយកំណត់តម្លៃប្រេង អាចនឹងធ្វើឱ្យពួកគេដែលជា «អ្នកទិញប្រេងមានឥទ្ធិពលខ្លាំងជាង អ្នកលក់»។ ដូច្នេះប្រឈមមុខនឹងជម្រើសរវាងការជួយសេដ្ឋកិច្ចសកលក្នុងនាមសហរដ្ឋអាមេរិក និងការពារផលប្រយោជន៍ខ្លួនឯង អារ៉ាប៊ីសាអូឌីតសុខចិត្តជ្រើសរើស ជួយខ្លួនឯងជាមុន៕