(ណៃពិដោ)៖ នាថ្ងៃពុធនេះ តុលាការនៃរបបយោធាមីយ៉ាន់ម៉ា បានសម្រេចផ្តន្ទាទោសលោកស្រី អោងសាន ស៊ូជី ឱ្យជាប់ពន្ធនាគារ ចំនួន៣ឆ្នាំបន្ថែមទៀត សម្រាប់បទល្មើសពុករលួយ ដែលសរុបមកទល់ពេលនេះ ធ្វើឱ្យរយៈពេលនៃការត្រូវជាប់ពន្ធនាគាររបស់​លោកស្រីកើនដល់យ៉ាងតិច២៣ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២។

តាមពិតទៅ លោកស្រី ស៊ូជី ត្រូវបានតុលាការផ្តន្ទាដាក់ពន្ធនាគាររយៈពេល៦ឆ្នាំ សម្រាប់បទល្មើសពុករលួយចំនួន២ករណីរួមគ្នា ពោលគឺ៣ឆ្នាំ សម្រាប់ករណីនីមួយៗ។ លោកស្រីរងការចោទប្រកាន់ថា បានទទួលសំណូកពីពាណិជ្ជករម្នាក់។ យ៉ាងណាក្តី ដោយសារតែទោសនៃ​បទល្មើសទាំង២ នឹងត្រូវអនុវត្តដំណាលគ្នានោះ មានន័យថាលោកស្រី ស៊ូជី ត្រូវជាប់ពន្ធនគារត្រឹមរយៈពេល ៣ឆ្នាំបន្ថែមប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាលពីចុងខែកញ្ញា លោកស្រី អោងសាន ស៊ូជី ទើបតែត្រូវបានតុលាការមីយ៉ាន់ម៉ា ផ្តន្ទាទោសដាក់ពន្ធនាគារ ៣ឆ្នាំ ក្រោមបទល្មើសអំពានច្បាប់កិច្ចការសម្ងាត់រដ្ឋ ដែលកាលនោះធ្វើឱ្យរយៈពេលត្រូវជាប់ពន្ធនាគារ របស់លោកស្រីកើនដល់ ២០ឆ្នាំ ដោយបូកសរុបជាមួយការកាត់ទោសលើលោកស្រី ក្នុងសំណុំរឿងដាច់ដោយឡែកដទៃទៀត កាលពីពេលកន្លងមក។ អតីតមេដឹកនាំមីយ៉ាន់ម៉ារូបនេះ បានបន្តស្ថិតក្រោមការឃុំឃាំងរហូតមក តាំងតែពីការផ្ទុះរដ្ឋប្រហារយោធា កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១៕