(តូក្យូ)៖ ទីភ្នាក់ងារអវកាសជប៉ុន បានឱ្យដឹងថា ខ្លួនបានសម្រេចបញ្ជូនកូដបញ្ជា ទៅកាន់គ្រាប់រ៉ុក្កែតអវកាស អិបស៉ីឡន (Epsilon) ដើម្បីឱ្យវាបំផ្ទុះខ្លួនឯងចោល កំលុងការបាញ់បង្ហោះបរាជ័យមួយនាថ្ងៃពុធនេះ ដោយសារតែបញ្ហាដែលបណ្តាលឱ្យគ្រាប់រ៉ុក្កែតនោះ លែងអាចបន្តការហោះហើរដោយសុវត្ថិភាពតទៀតបាន។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២។

ដោយស្ថិតក្នុងបេសកកម្មទី៦ គ្រាប់រ៉ុក្កែត Epsilon-6 ដែលមានផ្ទុកផ្កាយរណប សម្រាប់ការធ្វើតេស្តសាកល្បងលើបច្ចេកវិទ្យាថ្មីៗ សរុបចំនួន៨គ្រឿង ត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស អ៊ូជីនូរ៉ា (Uchinoura) ក្នុងខេត្តកាហ្គោស៉ីម៉ា (Kagoshima) ភាគនិរតីនៃប្រទេសជប៉ុន។ ប៉ុន្តែនៅប៉ុន្មាននាទីក្រោយ ក្រោយការបាញ់បង្ហោះ ទីភ្នាក់ងារអវកាសជប៉ុន JAXA ក៏បានរកឃើញបញ្ហាមួយ ដែលធ្វើឱ្យគ្រាប់រ៉ុក្កែតនោះ លែងអាចហោះហើរដោយសុវត្ថិភាពទៀតបាន។ ដូច្នេះ JAXA ក៏បានសម្រេចបញ្ជាឱ្យ Epsilon-6 បំផ្ទុះខ្លួនវាចោលលើអាកាសតែម្តង។

ទីភ្នាក់ងារអវកាសជប៉ុន បានបកស្រាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «រ៉ុក្កែតនោះលែងអាចបន្តការហោះហើរដោយសុវត្ថិភាព ហើយដោយសារតែគ្រោះថ្នាក់ដែលវាអាចនឹងបង្កឡើង ប្រសិនបើវាធ្លាក់មកលើផ្ទៃផែនដីវិញនោះ យើងបានសម្រេចចាត់វិធានការ ដើម្បីបញ្ចៀសឧប្បត្តិហេតុយ៉ាងដូច្នោះ ដោយពួកយើងបានបញ្ជូនសញ្ញា ដើម្បីឱ្យគ្រាប់រ៉ុក្កែតកម្ទេចខ្លួនឯងចោលលើអាកាស»

គួរបញ្ជាក់ថា លើកចុងក្រោយបំផុតដែលជប៉ុន ទទួលបរាជ័យក្នុងការបាញ់បង្ហោះគ្រាប់រ៉ុក្កែតអវកាស គឺកាលពីឆ្នាំ២០០៣ នៅពេល ជប៉ុនសម្រេចបោះបង់ចោល ការបង្ហោះផ្កាយរណប២គ្រឿង ដែលមានតួនាទីសម្រាប់ការធ្វើឃ្លាំមើល សកម្មភាពកូរ៉េខាងជើង។ រ៉ុក្កែត Epsilon-6 មានប្រវែង២៦ម៉ែត្រ និងទម្ងន់ជិត៩៦តោន ហើយគ្រួសារគ្រាប់រ៉ុក្កែតនេះ ជាប្រភេទរ៉ុក្កែតប្រើឥន្ធនៈរឹង និងត្រូវបាន​ប្រើប្រាស់ចាប់តាំងពីឆ្នាំ២០១៣មក៕