(កៀវ)៖ កាលពីថ្ងៃទី១០ ខែតុលានេះ រុស្ស៉ីបានបាញ់ស្រោចមីស៊ីលរាប់សិបគ្រាប់លើរដ្ឋធានីកៀវ និងទីក្រុងជាច្រើននៅទូទាំងប្រទេសអ៊ុយក្រែន ដែលនេះជាការវាយប្រហារ ទ្រង់ទ្រាយធំបំផុតមួយ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ ការវាយប្រហារនេះដែលលោក ពូទីន ជាអ្នកបញ្ជាដោយផ្ទាល់ និងអះអាងថាជាការសងសឹក ទៅនឹងការបំផ្ទុះបំផ្លាញស្ពានដ៏សំខាន់មួយតភ្ជាប់រវាងរុស្ស៉ី និងតំបន់គ្រីមៀកាលពីថ្ងៃសៅរ៍ ទី៨ ខែតុលានេះ បានផ្ដាច់ជីវិតមនុស្សយ៉ាងហោច ១៩នាក់ និង៩៧នាក់រងរបួស។
លោក ពូទីន បានព្រមានថារុស្ស៉ីនឹងវាយប្រហារកាន់តែសាហាវជាងនេះ បើការវាយប្រហារនៅតែបន្តកើតមាននៅលើទឹកដីរុស្ស៉ី។ ក្នុងរយៈពេលជាង ៧ខែមកនេះ សង្រ្គាម នៅតែបន្តស្ថិតនៅក្នុងភាពមិនអាចព្យាករបាន ខណៈទាំងរុស្ស៉ី និងអ៊ុយក្រែនដែលមានការគាំទ្រពីលោកខាងលិច ជាពិសេសពីសហរដ្ឋអាមេរិក សុទ្ធតែកំពុងពន្លឿនជ័យជម្នះ រៀងៗខ្លួននៅមុន «រដូវរងា» ចូលមកដល់។ លោក ពូទីន កាលពីចុងខែកញ្ញាកន្លងទៅបានប្រកាសបញ្ចូលតំបន់ចំនួន៤ របស់អ៊ុយក្រែនទៅក្នុងឧបសម្ព័ន្ធរុស្ស៉ី តែកងទ័ព អ៊ុយក្រែននៅតែបន្តភាពជឿនលឿនទៅមុខនៅក្នុងសមរភូមិនៃតំបន់ភាគខាងកើត និងខាងត្បូងដោយវាយដណ្ដើមបានទីក្រុង និងភូមិសំខាន់ៗពីកងទ័ពរុស្ស៉ីមកវិញ ជាបន្តបន្ទាប់។
ប៉ុន្តែ វានៅតែមានចម្ងល់មួយដ៏ធំ នោះគឺថាតើសង្រ្គាមអ៊ុយក្រែននឹងវិវត្តទៅមុខ ក្នុងទិសដៅបែបណា? បើតាមក្រុមអ្នកជំនាញ មានកត្តាសំខាន់ចំនួន៣ ដែលអាចនឹងកំណត់ពី អនាគតរបស់អ៊ុយក្រែន ក្នុងនោះរួមមាន៖ ការគាំទ្ររបស់សហរដ្ឋអាមេរិក និងអឺរ៉ុបចំពោះអ៊ុយក្រែន, ការសម្រេចចិត្តដ៏គ្រោះថ្នាក់ដែលលោក ពូទីន អាចនឹងប្រថុយ និងនិយមន័យនៃជ័យជម្នះនៅក្នុងសង្រ្គាមអ៊ុយក្រែន។
*តើសង្រ្គាមនឹងធ្វើឱ្យសហរដ្ឋអាមេរិក និងអឺរ៉ុប អស់ខ្យល់ ឬ?
សង្រ្គាមសព្វថ្ងៃ កំពុងផ្ទុះឡើងនៅលើទឹកដីអ៊ុយក្រែន ដូច្នេះមានតែប្រជាជនអ៊ុយក្រែនទេ ដែលរងការឈឺចាប់ខ្លាំងជានរណាៗទាំងអស់។ ប៉ុន្តែ ការគំាទ្រ និងការលះបង់ចំពោះ អ៊ុយក្រែនពីសំណាក់សហរដ្ឋអាមេរិក និងអឺរ៉ុប វាក៏អាស្រ័យទៅលើសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការការពារខ្លួនឯងប្រឆាំងនឹងរុស្ស៉ីដែរ។ ជាការពិតណាស់ បើគ្មានការគាំទ្រពី លោកខាងលិចទេ ម្ល៉េះជ័យជម្នះក្នុងប្រតិបត្តិការវាយបករបស់ទីក្រុងកៀវ កាលពីពេលថ្មីៗនេះនឹងមិនអាចឡើងឡើយ។
បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់រុស្ស៉ី កាលពីថ្ងៃចន្ទសប្ដាហ៍នេះ រដ្ឋាភិបាលលោកប្រធានាធិបតីហ្សេលេនស្គី បានណែនាំឱ្យមន្ត្រីការទូតរបស់ខ្លួន ប្រឹងប្រែងបញ្ចុះបញ្ចូល រដ្ឋាភិបាលលោកខាងលិចឱ្យបញ្ជូនប្រព័ន្ធអាវុធការពារដែនអាកាសមកឱ្យអ៊ុយក្រែន ដើម្បីការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ពីការវាយប្រហាដោយមីស៊ីល រុស្ស៉ី។ ការគាំទ្ររបស់លោកខាងលិចចំពោះអ៊ុយក្រែន ជារឿងសំខាន់មិនអាចខ្វះបាន។ ប៉ុន្តែ ទណ្ឌកម្មសេដ្ឋកិច្ចដែលសហរដ្ឋអាមេរិក បណ្ដាប្រទេសលោកខាងលិច រួមទាំង ប្រទេសមួយចំនួននៅអាស៊ី កំពុងសំពងលើរុស្ស៉ី ក៏កំពុងជះទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចពិភពលោកដែរ តួយ៉ាងប្រទេសក្នុងតំបន់អឺរ៉ុបតែម្ដងដែលកំពុងប្រឈមមុខនឹងអតិផរណា និងបាតុកម្មតវ៉ាប្រឆាំងនឹងវិបត្តិថាមពល។ «រដូវរងា» នៅពេលខាងមុខនេះ ត្រូវបានក្រុមអ្នកជំនាញភាគច្រើនយល់ស្របដូចគ្នាថាអាចនឹងផ្លាស់ប្ដូរលក្ខខណ្ឌសង្រ្គាមនៅលើ សមរភូមិជាក់ស្ដែង ដោយអាកាសធាតុត្រជាក់នឹងលងបន្លាចបណ្ដាប្រទេសអឺរ៉ុបដែលនៅតែបន្តពឹងផ្អែកលើឧស្ម័នរុស្ស៉ី។ ក្នុងន័យនេះ ប្រសិនបើអតិផរណា និងវិបត្តិថាមពល កាន់តែមានសភាពអាក្រក់ គួបផ្សំនឹងការបោះឆ្នោតអាមេរិកពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកាខាងមុខនេះ ថាតើសហរដ្ឋអាមេរិក និងអឺរ៉ុបអាចនឹងបន្តរក្សាការគំាទ្ររបស់ខ្លួន ចំពោះអ៊ុយក្រែនដែរឬទេ?
សហរដ្ឋអាមេរិក បានបញ្ជូនជំនួយយោធាជាង «១៧ពាន់លានដុល្លារ» ហើយឱ្យអ៊ុយក្រែន ខណៈបណ្ដាប្រទេសអឺរ៉ុបមួយចំនួន នៅតែស្ទាក់ស្ទើរក្នុងការបញ្ជូនអាវុធទំនើបៗឱ្យ អ៊ុយក្រែន រីឯការចំណាយរបស់ពួកគេលើការទិញឧស្ម័នពីរុស្ស៉ី គឺច្រើនជាងការផ្ដល់ជំនួយឱ្យអ៊ុយក្រែនទៅទៀត ស្របពេលអ្នកជំនាញព្រមានថាសង្រ្គាមអ៊ុយក្រែនកំពុងស្រូប យកអាវុធចេញពីឃ្លាំងលោកខាងលិច ដែលនេះអាចនឹងត្រូវចំណាយពេលរាប់ឆ្នាំដើម្បីបំពេញស្ដុកឡើងវិញ។ មកទល់នឹងពេលនេះ បណ្ដាប្រទេសអឺរ៉ុបទាំងអស់ រួមទាំងហុងគ្រី សុទ្ធតែបង្ហាញការគាំទ្រដល់អ៊ុយក្រែន។ តែខណៈកំពុងគាំទ្រអ៊ុយក្រែន មេដឹកនាំអឺរ៉ុបក៏កំពុងក្រពុលមុខនឹងបញ្ហានៅក្នុងស្រុកដែរ។ ជាឧទាហរណ៍ ការចាកចេញរបស់ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន ត្រូវបានជំរុញយ៉ាងលឿនរហ័ស ដោយបញ្ហាសេដ្ឋកិច្ច និងអតិផរណា។ នៅបារាំង លោកប្រធានាធិបតីបារាំង ម៉ាក្រុង បានបាត់បង់សំឡេងភាគច្រើននៅក្នុងសភាកាលពីខែមិថុនា។ នៅអ៉ីតាលី រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៉ីតាលី លោក ម៉ារីយ៉ូ ដ្រាហ្គី (Mario Draghi) បានដួលរលំដោយសារ ការខ្វែងគំនិតគ្នានៅក្នុងរដ្ឋាភិបាលចម្រុះជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ បើទោះជាសង្រ្គាមនៅអ៊ុយក្រែន មិនត្រូវបានគេជឿជាក់ទាំងស្រុងថាជាមូលហេតុនៃវិបត្តិនយោបាយ ទាំងនេះក៏ដោយ តែការផ្លាស់ប្ដូរនយោបាយនៅអឺរ៉ុប បានបង្ហាញថាអភិបាលកិច្ច ឬការដឹកនាំគឺមានជាប់ពាក់ព័ន្ធនឹងវិបត្តិសេដ្ឋកិច្ច និងថាមពល។ ដូច្នេះប្រសិនបើការគាំទ្ររបស់ អ៉ឺរ៉ុបចំពោះអ៊ុយក្រែនថយចុះ តើសហរដ្ឋអាមេរិកបន្តដឹកនាំអឺរ៉ុបជួយអ៊ុយក្រែន ប្រឆាំងនឹងរុស្ស៉ីបានដែរឬទេ?
* អី្វទៅជាការសម្រេចចិត្តដ៏គ្រោះថ្នាក់របស់លោក ពូទីន?
បទបញ្ជារបស់លោក ពូទីន ក្នុងការបាញ់ស្រោចមីស៊ីលលើរដ្ឋធានីកៀវ និងទីក្រុងជាង ៩ផ្សេងទៀតរបស់អ៊ុយក្រែនកាលពីថ្ងៃចន្ទសប្ដាហ៍នេះ វាបានបង្ហាញថាលោក ពូទីន កាន់តែលង់ខ្លួននៅក្នុងសង្រ្គាមអ៊ុយក្រែន ដោយមិនអាចដកខ្លួនបានឡើយ ដ្បិតលោកផ្ទាល់បានយកជោគវាសនារបស់លោកផ្ញើលើសង្រ្គាមនេះរួចទៅហើយ។ នៅមុនការបាញ់ ស្រោចមីស៊ីលនេះ លោក ពូទីនបានគំរាមត្រង់ៗពីការប្រើអាវុធនុយក្លេអ៊ែរដើម្បីការពារទឹកដីរុស្ស៉ី រួមទាំងទឹកដីដែលរុស្ស៉ីទើបតែកាត់យកពីអ៊ុយក្រែន។
ក្រុមអ្នកវិភាគភាគច្រើនយល់ស្របដូចគ្នាថាលោក ពូទីន អាចនឹងប្រើអាវុធនុយក្លេអ៊ែរ តែនៅក្នុងករណីដែលរុស្ស៉ី ឬលោក ពូទីនផ្ទាល់មានអារម្មណ៍ថារងការគំរាមកំហែង តែប៉ុណ្ណោះ។ តួយ៉ាង លោក ហ្ក្រាហាំ អាលីសសុន (Graham T. Allison) ជាអ្នកវិទ្យាសាស្ត្រនយោបាយអាមេរិកបានលើកឡើងថា «ឱកាសដែលលោក ពូទីនប្រើអាវុធនុយក្លេអ៊ែរ គឺមានតិចតួចបំផុត»។ លោក អាលីសសុន បន្ថែមថាលោក ពូទីន អាចនឹងជ្រើសរើសយកជម្រើសប្រើអាវុធនុយក្លេអ៊ែរ លើកលែងតែនៅក្នុងករណីអ៊ុយក្រែនអាចវាយបណ្ដេញកងទ័ពរុស្ស៉ីឱ្យចេញពីតំបន់ចំនួន៤ ដែលរុស្ស៉ីទើបតែកាត់យកពីអ៊ុយក្រែន។ ដូច្នេះរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ គឺជាពេលវេលាដ៏គ្រោះថ្នាក់បំផុត ដោយគេត្រូវរង់ចាំមើលថាតើអ៊ុយក្រែននៅតែបន្តភាពជឿនលឿនទៅ ឬក៏រុស្ស៉ីនៅតែបន្តទទួលរងបរាជ័យ?
* អ្វីទៅជានិយមន័យនៃជ័យជម្នះរបស់អ៊ុយក្រែន?
អ៊ុយក្រែន ដែលត្រូវបានក្រុមអ្នកជំនាញមួយចំនួន ព្យាករថានឹងដួលរលំត្រឹមរយៈពេល៤៨ម៉ោង នៅក្រោយការឈ្លានពានរបស់រុស្ស៉ីកាលពីថ្ងៃទី២៤ កុម្ភៈ បានតស៊ូប្រយុទ្ធនៅ ក្នុងសង្រ្គាមអស់ជាង២០០ថ្ងៃមកហើយ។ លោកប្រធានាធិបតី ហ្សេលេនស្គី បានលើកឡើងជារឿយៗថាអ៊ុយក្រែនមានសមត្ថភាពអាចយកឈ្នះរុស្ស៉ី នៅក្នុងសង្រ្គាម ដោយអ្វី ដែលទីក្រុងកៀវត្រូវការដើម្បីសម្រេចគោលដៅនេះ នោះគឺការបញ្ជូនអាវុធទំនើបៗមកបន្ថែម។ សម្រាប់អ៊ុយក្រែន ជ័យជម្នះជារឿងដាច់ខាត ព្រោះវាមានជាប់ពាក់ព័ន្ធនឹង «អនាគតប្រទេសជាតិ ឯករាជ្យភាព និងមនុស្សជំនាន់ក្រោយរបស់ខ្លួន»។
ប៉ុន្តែ ចុះបណ្ដាប្រទេសដទៃដូចជាសហរដ្ឋអាមេរិក ព្រមទាំងប្រទេសអឺរ៉ុបធំដូចជាបារាំង និងអាល្លឺម៉ង់ ថាតើពួកគេកំណត់និយមន័យជ័យជម្នះយ៉ាងដូចម្ដេច? លោក ថូម៉ាស់ ហ្ក្រាហាំ (Thomas Graham) ជាអ្នកជំនាញម្នាក់ស្ដីពីរុស្ស៉ី មកពីវិទ្យាស្ថាន Council on Foreign Relations បាននិយាយថាទាំងអ៊ុយក្រែន អឺរ៉ុប និងសហរដ្ឋអាមេរិក មិនធ្លាប់ បានបញ្ជាក់លម្អិតថាតើលក្ខខណ្ខបែបណាដែលពួកគេយល់ថាជាលទ្ធផលអាចទទួលយកបានពីសង្រ្គាមសព្វថ្ងៃនោះទេ ដោយពួកគេមានទស្សនៈយល់ឃើញរៀងៗខ្លួន។
បើតាមលោក ហ្កា្រហាំ អាល្លឺម៉ង់ និងបារាំងដែលជាបងធំអឺរ៉ុប អាចនឹងទទួលយកលក្ខខណ្ឌដំណោះស្រាយចរចាមួយដែលក្នុងនោះអាចនឹងរួមមានការធ្វើសម្បទានទឹកដីខ្លះៗ របស់អ៊ុយក្រែន ឱ្យរុស្ស៉ីដើម្បីបន្ធូរបន្ថយជម្លោះ និងត្រួសត្រាយផ្លូវចំពោះទៅរកការបញ្ចប់សង្រ្គាម។ ដោយឡែក សម្រាប់រុស្ស៉ីវិញ លោក ពូទីន ធ្លាប់បានអះអាងថារុស្ស៉ី មានចេតនាធ្វើ «វិយោធកម្ម» និង «បដិណាហ្ស៊ីនីយកម្ម» នៅក្នុងប្រទេសអ៊ុយក្រែន តែឥលូវរុស្ស៉ីបែរជាកាត់យកទឹកដីអ៊ុយក្រែនចំនួន៤តំបន់ មកដាក់នៅក្រោមឧបសម្ព័ន្ធរបស់ ខ្លួនទៅវិញដែលនេះបង្ហាញកាន់តែច្បាស់ពីទង្វើឈ្លានពាន។ យ៉ាងណាក៏ដោយ ផ្អែកលើស្ថានការណ៍សង្រ្គាមសព្វថ្ងៃ លទ្ធភាពដែលរុស្ស៉ីអាចយកឈ្នះក្រោមលក្ខខណ្ឌដែល ខ្លួនចង់បានហាក់ដូចជានៅឆ្ងាយពីការរំពឹង ហើយរឿងដែលគេបារម្ភ គឺប្រសិនបើរុស្ស៉ីមិនអាចឈ្នះសង្រ្គាមទេនោះ លោក ពូទីនមានលទ្ធភាពអាចធ្វើឱ្យបរាជ័យទាំងអស់គ្នា តែម្ដង។
ចំណែកឯ សហរដ្ឋអាមេរិកវិញ គេកាន់តែពិបាកយល់ទៅទៀត ដ្បិតរដ្ឋបាលលោក បៃដិន មិនដែលបង្ហើបពីនិយមន័យជ័យជម្នះដែលទីក្រុងវ៉ាស៊ីនតោនចង់បាននៅអ៊ុយក្រែន ដោយគ្រាន់តែនិយាយថានឹងជួយឱ្យអ៊ុយក្រែន អាចឈរនៅលើជំហររឹងមាំមួយ មុននឹងចូលតុចរចាជាមួយរុស្ស៉ី។ មិនតែប៉ុណ្ណោះ លោក ចូ បៃដិន និងក្រុមមន្ត្រីជាន់ខ្ពស់ មួយចំនួនរបស់លោកបានលើកឡើងផ្សេងៗពីគ្នាពីគោលបំណងរបស់សហរដ្ឋអាមេរិក ដោយលោក បៃដិន ធ្លាប់និយាយថាលោក ពូទីន មិនអាចបន្តកាន់អំណាចតទៅទៀត បានទេ ខណៈរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន លើកឡើងថាសហរដ្ឋអាមេរិកចង់ឱ្យរុស្ស៉ីចុះទន់ខ្សោយរហូតដល់ចំណុចមួយ លែងអាចឈ្លានពានអ្នកដទៃ នៅពេលអនាគត។
គួរបញ្ជាក់ថា បើតាមលោកស្រី ជែសស៊ីកា រ៉ូសិនប្លុំ (Jessica Rosenblum) មកពីវិទ្យាស្ថានអាមេរិក Quincy Institute បានអះអាងដោយផ្អែកលើការស្ទង់មតិមួយថា ប្រជាជនអាមេរិកភាគច្រើន គឺ៥៧ភាគរយ គាំទ្រឱ្យសហរដ្ឋអាមេរិកស្វែងរកការចរចាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន បើទោះជា ត្រូវបង្ខំចិត្តឱ្យអ៊ុយក្រែនធ្វើការសម្រុះសម្រួលខ្លះៗជាមួយរុស្ស៉ីក៏ដោយ៕