(មូស្គូ)៖ ប្រទេសរុស្ស៊ីនៅថ្ងៃអង្គារនេះ បានបន្ថែមក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក Meta ដែលជាក្រុមហ៊ុនមេរបស់ Instagram និង Facebook ទៅក្នុងបញ្ជីនៃអង្គការភេរវកម្ម និងជ្រុលនិយម។ នេះបើយោងតាមមូលដ្ឋានទិន្នន័យ នៃសេវាសហព័ន្ធសម្រាប់ការត្រួតពិនិត្យហិរញ្ញវត្ថុ ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២។
ប្រទេសរុស្ស៊ីកាលពីចុងខែមីនាបានហាមឃាត់ Facebook និង Instagram សម្រាប់ «ធ្វើសកម្មភាពជ្រុលនិយម» បន្ទាប់ពីអាជ្ញាធរបានចោទប្រកាន់ក្រុមហ៊ុន Meta ពីការអត់ឱនចំពោះសកម្មភាពស្អប់ខ្ពើមរុស្ស៉ី (Russophobia) ក្នុងអំឡុងពេលប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។
គួរបញ្ជាក់ថា Facebook និង Instagram មិនអាចដំណើការបានក្នុងប្រទេសរុស្ស៊ីចាប់តាំងពីខែមីនា ប៉ុន្តែប្រជាជនរុស្ស៊ីជាច្រើនបានប្រើបណ្តាញឯកជននិម្មិត (VPN) ដើម្បីបន្តប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ៕