(ឡុងដ៍)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងមូស្គូបានបើកចំហសម្រាប់កិច្ចពិភាក្សា ជាមួយលោកខាងលិចស្តីពីសង្គ្រាមអ៊ុយក្រែន ប៉ុន្តែមិនទាន់ទទួលបានសំណើច្បាស់លាស់ណាមួយដើម្បីចរចានៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២។
នៅក្នុងបទសម្ភាសន៍មួយតាមទូរទស្សន៍រដ្ឋ លោក Lavrov បាននិយាយថា អ្នកនាំពាក្យសន្តិសុខជាតិសេតវិមាន លោក John Kirby បាននិយាយប្រឌិតដែលថាសហរដ្ឋអាមេរិកបើកចំហសម្រាប់កិច្ចពិភាក្សា ប៉ុន្តែរុស្ស៊ីបានបដិសេធ។
លោក Lavrov បាននិយាយថា «នេះគឺជាការកុហក។ យើងមិនបានទទួលសំណើច្បាស់លាស់ណាមួយ ដើម្បីធ្វើការទំនាក់ទំនងនោះទេ»។
លោកក៏បាននិយាយផងដែរថា ប្រទេសរុស្ស៊ីនឹងមិនបដិសេធជំនួបរវាងលោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្នុងកិច្ចប្រជុំ G20 នាពេលខាងមុខនោះទេ ហើយនឹងពិចារណាលើសំណើរប្រសិនបើខ្លួនទទួលបាន៕