(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ការកើនឡើងនៃសកម្មភាពល្បាតរបស់កងទ័ពជើងទឹកចិន ក្បែរកោះតៃវ៉ាន់ ចាប់តាំងពីខែសីហាមក កំពុងដាក់បន្ទុកយ៉ាងធ្ងន់ទៅលើ ក្រុមនាវាចម្បាំងចាស់ៗរបស់ដែនកោះនេះ ដែលកំពុងជួបការលំបាក ដើម្បីរក្សាសមត្ថភាពប្រុងជើងការ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។
សព្វថ្ងៃ កងទ័ពជើងទឹករបស់តៃវ៉ាន់ មានតែនាវាចម្បាំងចម្បងចំនួន ២៦គ្រឿងប៉ុណ្ណោះ ក្នុងនោះរួមមាន នាវាចម្បាំងប្រភេទ ឈីយ៉ាង (Chi Yang-class) ចំនួន៦ ដែលបានដំណើរការអស់រយៈពេល ៣ទសវត្សរ៍មកហើយ ព្រមទាំងបំពាក់ដោយបរិក្ខារចាស់ៗ និងកាន់តែពិបាកឡើងៗ ក្នុងការជួសជុលថែទាំពួកវាដោយសុវត្ថិភាព។
នៅក្នុងរបាយការណ៍មួយទៅកាន់សភាតៃវ៉ាន់ ដើម្បីស្វែងរកការអនុម័តថវិកាសម្រាប់ចំណាយលើនាវាចម្បាំងប្រភេទថ្មី ក្រសួងការពារជាតិរបស់តៃវ៉ាន់បាន លើកឡើងថា ចំនួននាវាចិនដែលដើរល្បាតជាប្រចាំនៅក្នុងដែនទឹក នៅជិតកោះតៃវ៉ាន់ បានកើនឡើងទ្វេដងដល់ចន្លោះពី៤ទៅ៥គ្រឿងក្នុងមួយថ្ងៃ។ ដូចនេះ កងទ័ពជើងទឹកតៃវ៉ាន់ ត្រូវបញ្ជូនកម្លាំងរបស់ខ្លួន ទៅតាមឃ្លាំមើលជារៀងរាល់ថ្ងៃ ហើយអាចបញ្ជូនកងកម្លាំងបន្ថែម ដើម្បីឆ្លើយតប ដោយអាស្រ័យលើកម្រិតនៃការគំរាមកំហែង ដែលបណ្តាលឲ្យមានបន្ទុកធ្ងន់លើនាវាចាស់ៗមួយចំនួន។
គួរបញ្ជាក់ថា តៃវ៉ាន់ កំពុងចំណាយប្រាក់រាប់ពាន់លានដុល្លារលើនាវាចម្បាំង នាវាមុជទឹក មីស៉ីល និងយន្តហោះចម្បាំងថ្មី ប៉ុន្តែបរិក្ខារនិងសព្វាវុធយោធាភាគច្រើន ដែលខ្លួនកំពុងប្រើប្រាស់បច្ចុប្បន្ន គឺមានអាយុកាលច្រើនទសវត្សរ៍មកហើយ ដែលជាបញ្ហាប្រឈមដ៏ធំមួយ ក្នុងការទប់ទល់ជាមួយសកម្មភាពយោធារបស់ចិន៕