(តែលអាវីវ)៖ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក យ៉ាអៀរ ឡាពីដ (Yair Lapid) នៅថ្ងៃអង្គារនេះ បានប្រកាសថា ភាគីអ៉ីស្រាអែលនិងភាគីលីបង់ បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្ត ស្តីពីការកំណត់នូវខ្សែបន្ទាត់ព្រំដែនសមុទ្រមួយកន្លែង រវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២។
លោក ឡាពីដ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «នេះគឺជាសមិទ្ធផលប្រវត្តិសាស្រ្តមួយ ដែលនឹងពង្រឹងសន្តិសុខរបស់អ៉ីស្រាអែល ហើយបញ្ចូលថវិការាប់ពាន់លានដុល្លារទៅក្នុងសេដ្ឋកិច្ច ព្រមទាំងធានានូវស្ថិរភាព នៃព្រំប្រទល់ភាគខាងជើងរបស់យើង»។ កិច្ចព្រមព្រៀងខាងលើ នឹងត្រូវបញ្ជូនទៅកាន់ក្រុមប្រឹក្សាសន្តិសុខ និងរដ្ឋាភិបាលអ៉ីស្រាអែល នៅថ្ងៃពុធសប្តាហ៍នេះ ដើម្បីអនុម័ត មុនពេលត្រូវវាយតម្លៃ ដោយសភាអ៉ីស្រាអែល។
គួរបញ្ជាក់ថា នៅក្នុងថ្ងៃអង្គារដដែលនេះ មុនការប្រកាសរបស់លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល ក្រុមមន្រ្តីចរចារបស់ភាគីទាំងពីរ បានបង្ហើបឱ្យដឹងថា ទាំងអ៉ីស្រាអែលនិងលីបង់សុទ្ធតែពេញចិត្តចំពោះ លក្ខខណ្ឌក្នុងសេចក្តីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀង ដែលសម្រេចបានក្រោមការសម្របសម្រួល របស់សហរដ្ឋអាមេរិកនេះ។ វានឹងជួយបិទបញ្ចប់បញ្ហាវិវាទព្រំដែនសមុទ្រយូរមកហើយ រវាងប្រទេសទាំងពីរ នៅសមុទ្រមេឌីទែរ៉ាណេ ដែលសម្បូរដោយធនធានឧស្ម័ន៕