Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UN ទាត់ចោលសំណើរបស់រុស្ស៉ី ដែលចង់ឱ្យមានការបោះឆ្នោតដោយសម្ងាត់ ជាជាងដោយចំហរ ស្តីពីបញ្ហាអ៊ុយក្រែន (Video inside)

11-10-2022 14:38

(យូអិន)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ មហាសន្និបាតនៃអង្គការសហប្រជាជាតិ (UNGA) បានបោះឆ្នោតទាត់ចោលការស្នើរបស់រុស្ស៉ី ដែលចង់ឱ្យ UNGA រៀបចំការបោះឆ្នោតជាសម្ងាត់ ក្នុងសប្តាហ៍នេះ ដើម្បីសម្រេចថាគួរឬមិនគួរថ្កោលទោស នូវការកាត់យកតំបន់​ចំនួន៤របស់អ៊ុយក្រែន ដោយទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ​AFP នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២។

UNGA បានសម្រេចក្នុងសំឡេងឆ្នោតគាំទ្រ១០៧សំឡេងថា ខ្លួននឹងរៀបចំការបោះឆ្នោតដោយចំហ គឺមិនមែនដោយសម្ងាត់នោះឡើយ ស្តីពីសេចក្តីព្រាងដំណោះស្រាយ ដែលថ្កោលទោស «ការធ្វើប្រជាមតិខុសច្បាប់» និង «ការកាត់យកទឹកដីខុសច្បាប់» ដោយរុស្ស៉ី។ ក្រុមអ្នកការទូតបានបង្ហើបឱ្យដឹងថា ការបោះឆ្នោតលើសេចក្តីព្រាងនោះ ទំនងជានឹងប្រព្រឹត្តទៅនៅក្នុងថ្ងៃពុធ ឬថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ។

កាលពីថ្ងៃចន្ទ មានតែ១៣ប្រទេសប៉ុណ្ណោះ ដែលបានបង្ហាញសំឡេងជំទាស់នឹង ការរៀបចំការបោះឆ្នោតដោយបើកចំហ ជុំវិញសេចក្តីព្រាងខាងលើ ខណៈ៣៩ប្រទេសធ្វើអនុប្បវាទ ហើយប្រទេសដទៃទៀត រួមមានទាំងរុស្ស៉ីនិងចិន មិនបានចូលរួមបោះ។ ទីក្រុងមូស្គូបានអំពាវនាវចង់ឱ្យមាន ការបោះឆ្នោតជាសម្ងាត់ គឺដោយសារខ្លួនអះអាងថា ប្រសិនបើវាធ្វើឡើងដោយចំហ នោះប្រទេសនីមួយៗប្រហែលជា នឹងពិបាកបង្ហាញគោលជំហរពិតប្រាកដ។

គួរបញ្ជាក់ថា កន្លងមកនេះ ទីក្រុងមូស្គូបានអនុម័តច្បាប់ កាត់បញ្ចូលទឹកដីដែលខ្លួនគ្រប់គ្រង នៅតំបន់ចំនួន៤របស់អ៊ុយក្រែន រួមមានដូណេត លូហាន ខឺសុន និងហ្សាប៉ូរិចហ្សៀ ទៅជាផ្នែកនៃប្រទេសរុស្ស៉ី ក្រោយការបោះឆ្នោតប្រជាមតិ ដែលត្រូវអ៊ុយក្រែន និងក្រុមលោកខាងលិច ថ្កោលទោសថា ជាការធ្វើប្រជាមតិខុសច្បាប់និងដោយបង្ខិតបង្ខំ។ ក្រៅពីថ្កោលទោស សេចក្តីព្រាងដំណោះស្រាយរបស់ UNGA ក៏អំពាវនាវឱ្យបណ្តារដ្ឋជាសមាជិក កុំទទួលស្គាល់ទង្វើរបស់រុស្ស៉ី ហើយបញ្ជាក់ជាថ្មីនូវជំហរគាំទ្រអធិបតេយ្យ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន៕