(ប៉េកាំង)៖ ជុំវិញរឿងដែល «អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តដែលជាក្រុមគេស្គាល់ថា ជា OPEC+» សម្រេចចិត្តកាត់បន្ថយបរិមាណផលិតប្រេងឆៅ ប្រចាំថ្ងៃគិតជាមធ្យមចំនួន២លានធុងចាប់ពីខែវិចិ្ឆកាខាងមុខនេះ សហរដ្ឋអាមេរិកបានមានប្រតិកម្មយ៉ាងខ្លាំង ក្នុងប៉ុន្មានថ្ងៃកន្លងទៅនេះ។ ដើមឡើយ រដ្ឋាភិបាលរបស់លោក Joe Biden សង្ឃឹមថា ប្រទេសផលិតប្រេងសំខាន់ៗ នៃមជ្ឈិមបូព៌ាអាចបង្កើនបរិមាណផលិតប្រេង ដើម្បីទប់ទល់នឹងតម្លៃប្រេងនិងជួយសហរដ្ឋអាមេរិក គ្រប់គ្រងអតិផរណា ប៉ុន្តែទទួលបានលទ្ធផលផ្ទុយស្រឡះ។ កាសែត «The Hill» បានវាយតម្លៃថា ការសម្រេចចិត្តនៃ «អង្គការ OPEC+» បានវាយប្រហារលោក Joe Biden ក្នុងវិស័យគោលនយោបាយការទូត។

ហេតុអ្វីបានជា «អង្គការ OPEC+» សម្រេចចិត្តកាត់បន្ថយបរិមាណផលិតប្រេង? ឥស្សរជនវិភាគបានលើកឡើងថា មូលហេតុមួយគឺ ដោយសារពេលថ្មីៗកន្លងទៅនេះ តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះចំណូលនិងចំណេញ នៃប្រទេសនាំចេញប្រេងកាត បានធ្លាក់ចុះ។ ពួកគេព្រួយបារម្ភថា តម្លៃប្រេងនឹងធ្លាក់ចុះថែមមួយកម្រិតទៀត ដូច្នេះ បានជ្រើសរើសយុទ្ធសាស្ត្រដែលកាត់បន្ថយបរិមាណផលិតប្រេង ដើម្បីរក្សាតម្លៃ។ មួយផ្នែកទៀត ដោយសាររងផលប៉ះពាល់ពី ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ ភាពមិនប្រាកដប្រជានៃអនាគតសេដ្ឋកិច្ចសកល បានកើនឡើង ហើយតម្រូវការនៃប្រេងកាតនៅពេលអនាគតប្រហែលនឹងបន្តត្រូវកាត់បន្ថយ។

ដូច្នេះ អាចនិយាយបានថា តម្លៃប្រេងជាវត្ថុសំខាន់បំផុតសម្រាប់រដ្ឋសមាជិកនៃ «អង្គការ OPEC+» ដូចជាអារ៉ាប៊ីសាអ៊ូឌីតនិងអេមីរ៉ាអារ៉ាប់រួមជាដើម ពួកគេធ្វើសេចក្តីសម្រេចចិត្តស្តីពីការកាត់បន្ថយបរិមាណផលិតប្រេង គឺឈរលើផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់ខ្លួន។ ប៉ុន្តែសេចក្តីសម្រេចចិត្តនេះ នាំឱ្យសហរដ្ឋអាមេរិកខឹងសម្បាយ៉ាងខ្លាំង។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមក មន្ត្រីរដ្ឋាភិបាលអាមេរិកតែងតែ ធ្វើសកម្មភាពទាំងក្នុង និងក្រៅប្រទេសយ៉ាងសកម្ម ប៉ុនប៉ងទប់ស្កាត់កុំឱ្យតម្លៃថាមពលកើនឡើងយ៉ាងខ្លាំង ដើម្បីគ្រប់គ្រងអតិផរណាខ្ពស់ មុនពេលរៀបចំធ្វើ ការបោះឆ្នោតពាក់កណ្តាលអាណត្តិ។

ប៉ុន្តែ សេចក្តីសម្រេចចិត្តស្តីពីការកាត់បន្ថយបរិមាណផលិតប្រេងនៃ «អង្គការ OPEC+» ប្រហែលនឹងនាំឱ្យកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ឥតប្រយោជន៍ទាំងស្រុង ហើយក៏នឹងនាំមកនូវបញ្ហាដល់ សភាពការណ៍បោះឆ្នោតនៃបក្សប្រជាធិបតេយ្យផងដែរ។ អាចឃើញបានថា ប្រទេសឈូងសមុទ្រមិនចង់ស្តាប់បង្គាប់ របស់សហរដ្ឋអាមេរិកនោះទេ ហើយក៏មានការប្តេជ្ញាចិត្តការពារផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងមុតមាំផងដែរ។
បន្ទាប់ពីសេចក្តីសម្រេចចិត្តស្តីពី ការកាត់បន្ថយបរិមាណផលិតប្រេងនៃ «អង្គការ OPEC+» ត្រូវបានប្រកាស មនុស្សមួយចំនួនរបស់សហរដ្ឋអាមេរិក ក៏ខឹងដាច់ក្បាលដាច់កន្ទុយ ព្រមទាំងព្រលយសម្តីថា នឹងចាត់វិធានការតបតវិញ ហើយសមាជិករដ្ឋសភាមួយចំនួនសឹងតែចាប់ផ្តើម ជំរុញការតាក់តែងសេចក្តីព្រាងច្បាប់ ប៉ុនប៉ងវាយប្រហារនិងសងសឹក ទៅលើប្រទេសឈូងសមុទ្រ ។ នេះបានលាតត្រដាងថែមមួយកម្រិតទៀត នូវការពន្យល់ដ៏ពិតប្រាកដចំពោះពាក្យ «សម្ព័ន្ធមិត្ត» ក្នុងវចនានុក្រមរបស់សហរដ្ឋអាមេរិក គឺ ចំណុះ អុក និងឧបករណ៍។ល។

ពួកគេចាំបាច់ត្រូវស្តាប់បង្គាប់និងគោរពតាមដោយគ្មានលក្ខខណ្ឌ បើពុំនោះសោត សហរដ្ឋអាមេរិកនឹងអនុវត្តការដាក់ទណ្ឌកម្ម។
អ្វីដែលគួរឱ្យអស់សំណើចនោះគឺ ខណៈពេលសហរដ្ឋអាមេរិកមានការខឹងសម្បាចំពោះការដែល «អង្គការ OPEC+» កាត់បន្ថយបរិមាណផលិតប្រេងកាត លោក Emmanuel Macron ប្រធានាធិបតីបារាំងបានស្រែកទៅកាន់អាមេរិកថា ទង្វើរបស់សហរដ្ឋអាមេរិកដែលលក់ឧស្ម័នធម្មជាតិ ដោយតម្លៃខ្ពស់ពេលសម្ព័ន្ធមិត្តនៅអឺរ៉ុបរបស់អាមេរិក មានភាពតានតឹងខាងថាមពល មិនមែនជា «មិត្តភាពពិតប្រាកដ» រវាងអឺរ៉ុបនិងអាមេរិកនោះទេ។ មួយផ្នែករិះគន់ «អង្គការ OPEC+» កាត់បន្ថយបរិមាណផលិតប្រេងដែលបណ្តាលឱ្យតម្លៃប្រេងកើនឡើង មួយផ្នែកទៀត លើកកម្ពស់តម្លៃឧស្ម័នធម្មជាតិដែលលក់ឱ្យ សម្ព័ន្ធមិត្តនៅអឺរ៉ុបតាមតែទំនើងចិត្ត អនុត្តរភាពនិងអាត្មានិយមដែល «តម្កល់ទុកសហរដ្ឋអាមេរិកជាអទិភាព» ត្រូវបានលាតត្រដាងយ៉ាងច្បាស់ក្រឡែត៕

វិទ្យុមិត្តភាពកម្ពុជាចិន