(អឺរ៉ុប)៖ កាលពីចុងសប្តាហ៍កន្លងទៅ ប្រជាជននៅតាមទីក្រុងធំៗ នៃបណ្តាប្រទេសអឺរ៉ុបមួយចំនួន បាននាំគ្នាធ្វើសកម្មភាពតវ៉ាជាថ្មី ចំពោះមុខស្ថានភាពកាន់តែយ៉ាប់យ៉ឺនឡើង នៃវិបត្តិថាមពលនិងអតិផរណា នៅក្នុងតំបន់អឺរ៉ុប ដ្បិតប្រជាជនអឺរ៉ុបជាច្រើនខឹងសម្បារចំពោះរដ្ឋាភិបាលរបស់ពួកគេ ដែលទៅពាក់ព័ន្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន និងដើរតាមសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី ដែលជះប៉ះពាល់អវិជ្ជមានត្រឡប់មកលើខ្លួនឯងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២។
កាលពីប៉ុន្មានថ្ងៃមុននេះ ប្រជាជនអឺរ៉ុបបានចេញធ្វើបាតុកម្ម នៅតាមដងផ្លូវក្នុងទីក្រុងធំៗដូចជានៅប៉ារីស បែរឡាំង និងប្រាក ជាដើម ដោយអ្នកតវ៉ាខ្លះបានស្រែកទាមទារចង់ឱ្យប្រទេសពួកគេ ចាកចេញពីអង្គការណាតូ (NATO) និងសហភាពអឺរ៉ុប (EU) ហើយគិតគូរអំពីប្រទេសខ្លួនជាមុន។ ក្រុមបាតុករបានថ្កោលទោស NATO ថា ជាសម្ព័ន្ធភាពយោធាដែលចង់ឱ្យមានសង្រ្គាម ព្រមទាំងរិះគន់ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ទាក់ទងជាមួយនឹងទណ្ឌកម្មដែល EU បានដាក់ទៅលើរុស្ស៉ី ជុំវិញការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន។
គួរបញ្ជាក់ថា កាលពីខែកញ្ញា ប្រជាជននៅតាមបណ្តាប្រទេសអឺរ៉ុប ដូចជាសាធារណរដ្ឋឆែក បារាំង និងអាល្លឺម៉ង់ ក៏ធ្លាប់បានចេញបាតុកម្មរួចហើយដែរ ជុំវិញការកើនឡើងខ្លាំងនៃថ្លៃចាយវាយរស់នៅ ស្របពេលដែលពួកគេចាប់ផ្តើមភ្ញាក់ខ្លួនថា តាមពិតពួកគេផ្ទាល់ទេ ទើបជាអ្នកដែលត្រូវចាំរងថ្មបាក់ សម្រាប់ការសម្រេចចិត្តនៃរដ្ឋាភិបាលរបស់ពួកគេ ក្នុងការដើរតាមសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើរុស្ស៉ី ជុំវិញវិបត្តិអ៊ុយក្រែន៕