(ប៉េកាំង)៖ លោក Xi Jinping ប្រធានរដ្ឋចិន បានបញ្ជាក់ថា ទំនើបកម្មរបស់ប្រទេសចិនគឺ «ទំនើបកម្មលើមាគ៌ា នៃការអភិវឌ្ឍន៍ដោយសន្តិវិធី»។ខុសពីច្បាប់នៃព្រៃដែល ថាអ្នកខ្លាំងគ្រប់គ្រងពិភពលោក និងល្បែងផលបូកសូន្យ(Zero-sum game) របស់បណ្តាប្រទេសលោកខាងលិច ដែលបានអនុវត្តយ៉ាងយូរក្នុងដំណើរការទំនើបកម្ម ការអភិវឌ្ឍន៍ដោយសន្តិវិធី គឺជាលក្ខណៈសំខាន់នៃទំនើបកម្មបែបផែនចិន។

នៅក្នុងដំណើរការអភិវឌ្ឍទំនើបកម្មប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវពាក្យសន្យាដ៏ ម៉ឹងម៉ាត់ថាមិនធ្វើអនុត្តរភាព មិនធ្វើការពង្រីកដែនដីធំ និងមិនស្វែងរកដាក់ ក្របខ័ណ្ឌអំណាចហើយខិតខំកសាងសហគមន៍វាសនារួមរបស់មនុស្សជាតិ ខណៈពេលដែលខិតខំអភិវឌ្ឍខ្លួន ប្រទេសចិនក៏រួមចំណែកទៅក្នុង ការរក្សាយ៉ាងសកម្មដល់សន្តិភាពពិភពលោក និងលើកកម្ពស់ការអភិវឌ្ឍរួម។

ពិភពលោកសព្វថ្ងៃនេះកំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ដែលកម្រមានក្នុងរយៈពេលមួយសតវត្សមក។ ការផ្លាស់ប្តូរនេះមិនត្រូវបានកំណត់ ចំពោះពេលមួយព្រឹត្តិការណ៍មួយ ប្រទេសមួយនិងតំបន់មួយនោះទេ ប៉ុន្តែជាការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា និងធំធេងនៃសម័យកាល។ ការផ្លាស់ប្តូរដែលកម្រមានក្នុងរយៈពេលមួយសតវត្ស និងជំងឺរាតត្បាតនៃសតវត្សថ្មី បានធ្វើឲ្យពិភពលោកឈានចូលដំណាក់ កាលថ្មីដ៏ច្របូលច្របល់។

ប្រជាជននៃប្រទេសទាំងអស់មានក្តីសង្ឃឹមកាន់តែខ្លាំង សម្រាប់ការអភិវឌ្ឍន៍ដោយសន្តិវិធី ការអំពាវនាវកាន់តែខ្លាំងសម្រាប់ភាពយុត្តិធម៌ និងសមភាពនិងការខិតខំប្រឹងប្រែងកាន់តែខ្លាំង នៃកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះគ្នា។ នេះបញ្ជាក់បន្ថែមទៀតអំពីសារៈសំខាន់ដ៏អស្ចារ្យ នៃទំនើបកម្មបែបផែនចិនលើមាគ៌ានៃការអភិវឌ្ឍដោយសន្តិវិធី។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាទំនើបកម្ម និងវិបត្តិដែលពិភពលោកកំពុងប្រឈមមុខ នាពេលបច្ចុប្បន្ននេះ ប្រទេសចិនជំរុញយ៉ាងសកម្មក្នុង ការកសាងសហគមន៍វាសនារួមរបស់មនុស្សជាតិ ជំរុញរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ប្រកបដោយគុណភាពខ្ពស់ លើកឡើងនូវគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សាកល និងគំនិតផ្តួចផ្តើមសន្ដិសុខសកល ហើយឆ្លើយតាមបែបវិទ្យាសាស្ត្រចំពោះសំណួររបស់ពិភពលោក និងសំណួររបស់សម័យកាល។

ចិនបានចង្អុលបង្ហាញទិសដៅត្រឹមត្រូវ នៃវឌ្ឍនភាពនៃអរិយធម៌មនុស្សជាតិ និងការអភិវឌ្ឍន៍ទំនើបកម្ម ព្រមទាំងបានរួមចំណែកនូវប្រាជ្ញារបស់ចិន ដំណោះស្រាយរបស់ចិន និងកម្លាំងរបស់ចិនទៅក្នុងការកសាងពិភពលោក ដែលមានសន្តិភាពយូរអង្វែង មានសន្តិសុខសកលជាទូទៅ មានវិបុលភាពរួម មានភាពបើកចំហននិងភាពស្រស់ស្អាត៕

វិទ្យុមិត្តភាពកម្ពុជាចិន