(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភាអាមេរិកដ៏មានឥទ្ធិពលម្នាក់ បានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់រាល់ប្រតិបត្តិការទាំងអស់ ក្នុងនោះរួមមានទាំង ការលក់អាវុធឱ្យអារ៉ាប៊ីសាអូឌីត ជុំវិញការគាំទ្រដោយប្រយោលដល់សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន តាមរយៈការសម្រេចចិត្តកាត់បន្ថយការផលិត ប្រេង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២។

អារ៉ាប៊ីសាអូឌីត រុស្ស៉ី និងប្រទេសផលិតប្រេងដទៃទៀត បានឯកភាពគ្នាកាលពីសប្ដាហ៍មុន ក្នុងការកាត់បន្ថយការផលិតប្រេងដើម្បីជំរុញតម្លៃប្រេង ខណៈ សហរដ្ឋអាមេរិក បានថ្កោលទោសថាជាការធ្វើសម្បទានមួយដល់ទីក្រុងមូស្គូ។ ជុំវិញបញ្ហានេះដែរ លោក បុប មេនិនដែស (Bob Menendez) ជាប្រធាន គណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ បានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់រាល់ប្រតិបត្តិការ ទាំងអស់ ក្នុងនោះរួមមានទាំងការលក់អាវុធឱ្យអារ៉ាប៊ីសាអូឌីត ជាមួយការគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកត្រូវតែបញ្ឈប់ជាបន្ទាន់នូវរាល់ កិច្ចសហប្រតិបត្តិការរបស់យើងជាមួយអារ៉ាប៊ីសាអូឌីត ក្នុងនោះរួមមានទាំងការលក់អាវុធ និងកិច្ចសហប្រតិបត្តិការសន្តិសុខ»

លោក មេនិនដែស បន្ថែមទៀតថាក្នុងនាមជាប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាអាមេរិក លោកនឹងមិនអនុញ្ញាតនោះទេលើរាល់ កិច្ចសហប្រតិបត្តិការជាមួយទីក្រុងរីយ៉ាដ រហូតទាល់តែអារ៉ាប៊ីសាអូឌីត កែប្រែគោលជំហររបស់ខ្លួនឡើងវិញចំពោះសង្រ្គាមនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា អង្គការក្រុមប្រទេសផលិតប្រេង OPEC ទាំង១៣ប្រទេសដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងប្រទេសជាដៃគូចំនួន១០ ដឹកនាំដោយរុស្ស៉ី បាន ឯកភាពគ្នាក្នុងការកាត់បន្ថយការផលិតប្រេង ២លានបារែលក្នុងមួយថ្ងៃ ចាប់ពីខែវិច្ឆិកាខាងមុខនេះតទៅ ដែលនេះកំពុងបង្កឱ្យមានការព្រួយបារម្ភពីប្រេង ឡើងថ្លៃ៕