(កៀវ)៖ សេវាសន្តិសុខអ៊ុយក្រែន SBU បាននិយាយថាអតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) បានស្ថិតនៅក្នុងបញ្ជី ឈ្មោះនៃក្រុមមនុស្សដែលអាជ្ញាធរសន្តិសុខអ៊ុយក្រែនស្វែងរកតាមចាប់ខ្លួន អស់រយៈពេលជាងកន្លះឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ សេវាសន្តិសុខអ៊ុយក្រែន SBU បានបញ្ជាក់ទៀតថាលោក មេដវេដេវ ដែលបច្ចុប្បន្ន ជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៉ី បានស្ថិតនៅក្នុងបញ្ជីតាមចាប់ខ្លួន នៅក្រោមផ្នែកមួយនៃក្រមព្រហ្មទណ្ឌពាក់ព័ន្ធនឹងការព្យាយាមបំផ្លាញបូរណភាព ទឹកដី និងតំបន់ព្រំដែនមិនអាចបំពានបានរបស់អ៊ុយក្រែន។
បន្ថែមពីលើនេះ បើតាមសេចក្ដីថ្លែងការណ៍នេះដដែល សមាជិកក្រុមប្រឹក្សាសន្តិសុខរុស្ស៉ីភាគច្រើនសុទ្ធតែមានឈ្មោះនៅក្នុងបញ្ជីតាមចាប់ខ្លួនរបស់ អ៊ុយក្រែន ព្រមទាំងមន្ត្រីជាន់ខ្ពស់រុស្ស៉ីមួយចំនួនទៀត ក្នុងនោះរួមមានរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) និងលោក នីកូឡៃ ផាទ្រូសេវ (Nikolai Patrushev) ជាប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៉ីផងដែរ។ ប៉ុន្តែ ភ្លាមៗ គេមិនទាន់ដឹងច្បាស់ថាតើហេតុអ្វីបានជាអាជ្ញាធរ អ៊ុយក្រែនទើបតែបញ្ចេញបញ្ជីឈ្មោះខាងលើជាសាធារណៈនៅពេលនេះនោះទេ៕