(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃចន្ទថា រុស្ស៊ីបានប្រើប្រាស់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដែលផលិតដោយអ៊ីរ៉ង់ ដើម្បីកំណត់គោលដៅជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ក្នុងការវាយប្រហារដ៏សាហាវជាបន្តបន្ទាប់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២។
ក្នុងសារវីដេអូមួយដែលបានបង្ហោះ លើគណនីហ្វេសប៊ុករបស់លោក Zelensky បាននិយាយថា «ព្រឹកមិញជាពេលដ៏លំបាក។ យើងកំពុងដោះស្រាយជាមួយពួកភេរវករ។ កាំជ្រួច Shahid របស់អ៊ីរ៉ង់រាប់សិបគ្រាប់»។
លោកបានចោទប្រកាន់រុស្ស៊ីថា បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដោយលើកឡើងយ៉ាងដូច្នេះថា «ពួកគេចង់ឱ្យពួកយើងមានការភ័យស្លន់ស្លោ និងចលាចល។ ពួកគេចង់បំផ្លាញប្រព័ន្ធថាមពលរបស់យើង។ ពួកគេមិនអាចធ្វើបានទេ»។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានបន្តថា «គោលដៅទីពីរគឺមនុស្ស។ ពេលវេលា និងគោលដៅបែបនេះ ត្រូវបានជ្រើសរើសជាពិសេស ដើម្បីបង្កការខូចខាតឱ្យបានច្រើនតាមតែអាចធ្វើទៅបាន»។
គួរបញ្ជាក់ថា រុស្ស៊ីបានបាញ់មីស៊ីលឆ្លងទ្វីបទៅកាន់ទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេលម៉ោងមមាញឹកកាលពីព្រឹកថ្ងៃចន្ទ ដោយបានសម្លាប់ជនស៊ីវិលជាច្រើននាក់ និងកាត់ផ្តាច់បណ្តាញអគ្គីសនី នៅក្នុងអ្វីដែលប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថា នឹងសងសឹកចំពោះការវាយប្រហាររបស់អ៊ុយក្រែនលើស្ពានគ្រីមៀ៕