ម៉ុលដាវីកោះហៅឯកអគ្គរដ្ឋទូតរុស្ស៉ី ក្រោយមីស៉ីលដែលបាញ់ទៅអ៊ុយក្រែន ហោះបំពានដែនអាកាសរបស់ខ្លួន
10-10-2022 18:15
(ជីស៉ីណូ)៖ ប្រទេសម៉ុលដាវីបានអះអាងថា មីស៉ីលគ្រូសចំនួន៣គ្រាប់ ដែលត្រូវបានបាញ់ចេញដោយរុស្ស៉ី ឆ្ពោះទៅកាន់អ៊ុយក្រែន គឺបានហោះបំពានដែនអាកាសរបស់ខ្លួន នាថ្ងៃចន្ទនេះ ហើយទីក្រុងជីស៉ីណូបានបន្ថែមថា ខ្លួនកំពុងកោះហៅឯកអគ្គរដ្ឋទូតរុស្ស៉ី ដើម្បីឱ្យផ្តល់ការបកស្រាយជុំវិញទង្វើនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២។
រដ្ឋមន្រ្តីការបរទេសម៉ុលដាវី លោក នីគូ ប៉ូប៉េស្គូ (Nicu Popescu) បាននិយាយដូច្នេះថា «មីស៉ីលគ្រូសចំនួន៣គ្រាប់ ដែលបាញ់លើអ៊ុយក្រែន កាលពីព្រឹកថ្ងៃចន្ទនេះ ចេញពីនាវាចម្បាំងរុស្ស៉ីនៅសមុទ្រខ្មៅ គឺបានហោះឆ្លងកាត់ដែនអាកាសរបស់ម៉ុលដាវី។ ខ្ញុំបានបង្គាប់ឱ្យកោះហៅ ឯកអគ្គរដ្ឋទូតរុស្ស៉ី ដើម្បីចូលខ្លួនផ្តល់ការបកស្រាយជុំវិញករណីនេះ»។
គួរបញ្ជាក់ថា នាថ្ងៃចន្ទនេះ រដ្ឋធានីកៀវព្រមទាំងទីក្រុងជាច្រើនទៀត នៅទូទាំងប្រទេសអ៊ុយក្រែន បានទទួលរងការវាយប្រហារដោយមីស៉ីលយ៉ាងសម្បើមពីសំណាក់កងកម្លាំងរុស្ស៉ី។ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានចេញមុខប្រកាសថា ការបាញ់ស្រោចមីស៉ីលនេះ គឺជាការសងសឹកចំពោះទង្វើបំផ្ទុះស្ពានគ្រីមៀ ដែលលោកចោទអ៊ុយក្រែនជាអ្នកនៅពីក្រោយ ហើយហៅវាថាជាអំពើភេរវកម្ម។ លោក ពូទីន បានព្រមានថា បើការវាយប្រហារលើរុស្ស៉ីតែបន្ត នោះការឆ្លើយតបវិញនឹងកាន់តែធ្ងន់ថែមទៀត៕