(កៀវ)៖ ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន បានព្រមានចាត់វិធានការឆ្លើយតបធ្ងន់ៗទៀត ប្រសិនបើការវាយប្រហារលើរុស្ស៉ី នៅតែបន្ត។ ការព្រមានរបស់លោកធ្វើឡើង តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីកងកម្លាំងរុស្ស៉ី បានបាញ់មីស៉ីលរាប់សិបគ្រាប់ទៅលើទីក្រុងជាច្រើននៅទូទាំងប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២។
លោកប្រធានាធិបតីរុស្ស៉ី បាននិយាយព្រមានដូចខាងលើ ក្នុងឱកាសបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិមួយ នាថ្ងៃចន្ទនេះ។ លោក ពូទីន បានលើកឡើងថា រុស្ស៉ីបើកការវាយប្រហារដោយមីស៉ីលរយៈចម្ងាយឆ្ងាយ ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពល, យោធា និងទំនាក់ទំនងរបស់អ៊ុយក្រែន នាថ្ងៃនេះ ដើម្បីជាការសងសឹកសម្រាប់ការវាយប្រហារ លើស្ពានយុទ្ធសាស្រ្តដែលតភ្ជាប់រវាងប្រទេសរុស្ស៉ីនិងឧបទ្វីបគ្រីមៀ កាលពីចុងសប្តាហ៍កន្លងទៅ។
លោក ពូទីន បានថ្លែងយ៉ាងដូច្នេះថា «ប្រសិនបើការវាយប្រហារនៅតែបន្តប្រឆាំងលើរុស្ស៉ី នោះការឆ្លើយតបធ្ងន់ៗនឹងនៅតែបន្ត។ ទំហំនៃការឆ្លើយតបរបស់យើង នឹងដូចគ្នាជាមួយទំហំនៃការគំរាមកំហែងចំពោះរុស្ស៉ីយ៉ាងដូច្នោះ។ ក្នុងករណីមានការព្យាយាមប្រព្រឹត្តអំពើភេរវកម្ម នៅលើទឹកដីរបស់យើងទៀតនោះ ការឆ្លើយតបរបស់រុស្ស៉ីនឹងកាន់តែធ្ងន់»។
គួរបញ្ជាក់ថា ក្នុងការថ្លែងសារកាលពីថ្ងៃអាទិត្យកន្លងទៅ លោក ពូទីន បានចោទអ៊ុយក្រែន ជាអ្នកនៅពីក្រោយការបំផ្ទុះស្ពានគ្រីមៀ និងហៅវាថាជា អំពើភេរវកម្ម។ ស្ពាននោះបានដើរតួនាទី ជាមធ្យោបាយផ្គត់ផ្គង់យ៉ាងសំខាន់បំផុតមួយ សម្រាប់កងកម្លាំងរបស់រុស្ស៉ី នៅភាគខាងត្បូងអ៊ុយក្រែន៕