(ប៉េកាំង)៖ រយៈពេល១ឆ្នាំកន្លងមក ដែលគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលបានលើកឡើងដោយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្នុងសុន្ទរកថាថ្លែងតាមប្រព័ន្ធវីដេអូទៅកាន់ មហាសន្និបាតអង្គការសហប្រជាជាតិក្នុងសម័យប្រជុំលើកទី៧៦ បាននិងកំពុងបង្កើនអានុភាពរបស់ខ្លួន នៅក្នុងការចូលរួមចំណែកយ៉ាងសកម្មដល់ ការដោះស្រាយបញ្ហាប្រឈមជាច្រើនដែលពិភពលោកកំពុងជួបប្រទះ។

គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលបាននិងកំពុងចូលរួមយ៉ាងសកម្ម ដល់ការរំសាយផ្សែងអ័ព្ទនៃជំងឺរាតត្បាតជាសកល Covid-19 បានចូលរួមផ្តល់ពន្លឺកាន់តែធំដល់ការអភិវឌ្ឍរបស់បណ្តាប្រទេសនានា បានក្លាយជាប្រទីបរំដោះប្រជាជនរាប់លាននាក់ ក្រោកចេញពីភាពក្រីក្រ បានផ្តល់ជាគតិដល់ការដោះស្រាយវិបត្តិស្បៀងអាហារ ហើយជាពិសេសការសម្រេចបាន នូវរបៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ពិភពលោកនៅចាំបានយ៉ាងច្បាស់ពី ការប្រកាន់ខ្ជាប់ទាំង៦ចំណុចរបស់ចិនដែលបាន និងកំពុងបង្កើនឫទ្ធានុភាព នៃគំនិតផ្តួចផ្តើមការអភិវឌ្ឍសកល។

ដោយប្រកាន់ខ្ជាប់ការតម្កល់ទុកការអភិវឌ្ឍជាអាទិភាព ប្រទេសចិនបានរៀបចំប្លង់មេ សម្រាប់ការអភិវឌ្ឍក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី បង្កើតទស្សនវិជ្ជានៃការអភិវឌ្ឍថ្មី ពន្លឿនការបង្កើតនូវសក្ដានុពល នៃការអភិវឌ្ឍថ្មីជាមួយនឹងសេដ្ឋកិច្ចរបស់ខ្លួន ដោយពង្រឹងការបន្ស៊ីគ្នាទៅវិញទៅមកជាមួយនឹង អន្តរជាតិក្នុងលំនាំនៃការអភិវឌ្ឍថ្មី ដឹកនាំការអភិវឌ្ឍថ្មីនៃសង្គមនិយមទំនើបកម្ម ជាមួយនឹងទស្សនវិជ្ជាអភិវឌ្ឍន៍ថ្មី លើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ លើកទឹកចិត្តឲ្យប្រជាជនទាំងអស់មានជីវភាពធូរធារ ដើម្បីកសាងសហគមន៍រួមវាសនាប្រកបដោយលំនាំល្អ និងការចាប់ផ្តើមល្អ។

ជាក់ស្តែងកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ឯកឧត្តម ស៊ី ជីនភីង ប្រធានរដ្ឋចិន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៤ ដោយបានថ្លែងសុន្ទរកថាគន្លឹះគូសបញ្ជាក់ថា ទ្វាររបស់ប្រទេសចិនគឺ បើកចំហនិងមិនបិទជារៀងរហូត ហើយបើកឱ្យកាន់តែទូលំទូលាយថែមទៀតផង។ ឯកឧត្តម ស៊ី ជីនភីង បានបន្ថែមថា «ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយប្រទេសទាំងអស់ ដើម្បីកសាងសេដ្ឋកិច្ចពិភពលោក ដោយរូបភាពបើកចំហ ដើម្បីឱ្យខ្យល់និទាឃរដូវនៃការបើកចំហ នឹងនាំមកនូវភាពកក់ក្តៅដល់គ្រប់ផ្នែកនៃពិភពលោក»

ដោយប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាស្នូល ប្រទេសចិនតែងបានចាត់ទុកសុខុមាលភាពរបស់ប្រជាជន គឺជាការខិតខំប្រឹងប្រែងអស់មួយជីវិតរបស់ ថ្នាក់ដឹកនាំប្រទេសចិន។ ថ្នាក់ដឹកនាំប្រទេសចិនតែងបានរចនា និងដឹកនាំការផ្តួចផ្តើមកំណែទម្រង់ និងការបើកទូលាយ ព្រមទាំងការធ្វើទំនើបភាវូបនីយកម្ម ដើម្បីលើកកម្ពស់សុខុមាលភាព ប្រជាជនចិន។ ការតម្កល់ទុកផលប្រយោជន៍ប្រជាជនជាអាទិភាព បានក្លាយជាទស្សនវិជ្ជា ជាចក្ខុវិស័យ និងជាត្រីវិស័យក្នុងការផ្តល់ជូន ដល់មនុស្សជាតិនៅលើពិភពលោក ទទួលបានផលកាន់តែច្រើនពីគំនិតផ្តួចផ្តើមនានា ដែលចិនបានលើកឡើង។

គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ជាឧទាហរណ៍បញ្ជាក់ស្រាប់ពីឫទ្ធានុភាព ដែលបានផ្តល់ប្រយោជន៍ដល់មនុស្សជាតិ ហើយបើគិតដល់ត្រឹមចុងខែមិថុនាឆ្នាំ២០២២ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាង ២០០ ជាមួយប្រទេសចំនួន១៤៩ និងអង្គការអន្តរជាតិចំនួន៣២ ស្តីពីគំនិតផ្តួចផ្តើមផ្លូវ «ខ្សែក្រវ៉ាត់និងផ្លូវ» និងបានធ្វើការវិនិយោគជាង ១៤០ពាន់លានដុល្លារអាមេរិក នៅតាមបណ្តាប្រទេសនានានៅតាមបណ្តោយខ្សែក្រវាត់និងផ្លូវ ដែលមិនត្រឹមនាំប្រជាជនចិន ចាកផុតពីភាពក្រីក្រប៉ុណ្ណោះទេ តែថែមទាំងបានជួយមនុស្សជាតិចំនួន៧.៦លាននាក់ ចេញពីភាពក្រីក្រខ្លាំង និង៣២លាននាក់ចេញពីភាពក្រីក្រកម្រិតមធ្យមនៅទូទាំងពិភពលោក។

ដោយប្រកាន់ខ្ជាប់ការផ្តល់ផលប្រយោជន៍ទូទៅនិងប្រកបដោយបរិយាប័ន្ន ប្រទេសចិនតែងជំរុញនូវមនសិការមុតមាំ ចំពោះសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។ យើងបានដឹងរួចមកហើយថា បុរេនិច្ឆ័យ ការរើសអើង ការស្អប់ និងសង្គ្រាមអាចបង្កឲ្យមានគ្រោះមហន្តរាយ និងទុក្ខវេទនា ខណៈដែលការគោរពគ្នាទៅវិញទៅមក សមភាព ការអភិវឌ្ឍដោយសន្តិភាព និងភាពរុងរឿងរួមតំណាងឲ្យគន្លងត្រឹមត្រូវដែលយើងត្រូវដើរ។ ប្រទេសទាំងអស់គួររួមគ្នាលើកកម្ពស់ សណ្តាប់ធ្នាប់ និងប្រព័ន្ធអន្តរជាតិដែលគាំទ្រដោយគោលបំណង និងគោលការណ៍ក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ កសាងទំនាក់ទំនងអន្តរជាតិធុនថ្មីដោយផ្អែកលើ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងជំរុញបុព្វហេតុដ៏ខ្ពង់ខ្ពស់ក្នុងសន្តិភាព និងការអភិវឌ្ឍជាសកល។ ប្រទេសចិននឹងនៅតែប្តេជ្ញាចំពោះការអភិវឌ្ឍសន្តិភាព។

ដោយប្រកាន់ខ្ជាប់នវានុវត្តភាពនូវកម្លាំងចលករ ប្រទេសចិនបានផ្តោតជាសំខាន់លើការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ ឬប្រកបដោយការច្នៃប្រឌិតថ្មីនឹងផ្តោតសំខាន់ទៅលើ ការដោះស្រាយបញ្ហាកម្លាំងចលករ។ សមត្ថភាពនវានុវត្តន៍របស់ប្រទេសចិន វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចិនបាននិងកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា ដែលបានចូលរួមចំណែកទៅដល់កំណើនសេដ្ឋកិច្ច នៅក្នុងប្រទេសចិននិងបណ្តាប្រទេសនានា។ បច្ចេកវិទ្យា 5G ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ការប្រើប្រាស់រ៉ូបូតដើម្បីព្យាបាលជំងឺ ការប្រើប្រាស់រថយន្តសាធារណៈដោយគ្មានអ្នកបើកបរ វាលស្រែចំការដែលប្រើប្រាស់ Drone និងគ្រឿងចក្រកសិកម្មដោយគ្មានមនុស្សបើក កំពុងពេញនិយមនៅក្នុងប្រទេសចិន ដែលមិនរាប់ដល់ការទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិក ការបង្រៀនតាមប្រព័ន្ធ Online សេដ្ឋកិច្ចជីឌីថលជាដើមសុទ្ធសឹងជាសក្ខីភាព នៃការគាំទ្រដល់ការចែករំលែកទំនើបភាពដល់ពិភពលោក។

ដោយប្រកាន់ខ្ជាប់ការរួមរស់នៅដោយសុខដុមរមនា រវាងមនុស្សនិងធម្មជាតិ ប្រទេសចិនបាននិងកំពុងអភិវឌ្ឍបៃតងភាព ដែលជាការអភិវឌ្ឍមានលក្ខណៈជាចរន្ត និងមានការបញ្ចេញឧស្ម័នកាបូនតិច ដែលជាដំណើរនៃបដិវត្តន៍ ក្នុងពេលបច្ចុប្បន្នរបស់យើងឲ្យឆ្ពោះទៅរកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងឧស្សាហកម្ម។ ប្រទេសចិនតែងលើកកម្ពស់ មូលដ្ឋាននៃគោលនយោបាយជាតិ ក្នុងការសន្សំសំចៃធនធានធម្មជាតិ និងការការពារបរិស្ថានដោយដើរតាមមាគ៌ា នៃការអភិវឌ្ឍដ៏ល្អ ដើម្បីសម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយប្រសិទ្ធភាព វិបុលភាព និងបរិយាកាសអេកូឡូស៊ី ហើយបង្កើតសង្គមមួយដែលគោរពនូវគោលការណ៍ទាំងនេះ។ គំរូភាពនេះត្រូវបានសាទរដោយពិភពលោក ក្នុងចរន្តនៃសន្តិសុខអេកូឡូស៊ីពិភពលោក ស្របតាមទស្សនៈរបស់លោក ស៊ី ជីនភីង ដែលតែងបានលើកឡើងថា «ទឹកថ្លា និងភ្នំបៃតង គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ប្រៀបដូចជាភ្នំមាស ភ្នំប្រាក់»

ដោយប្រកាន់ខ្ជាប់ការចង្អុលបង្ហាញទិសដៅប្រតិបត្តិ ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចនៅគ្រប់កាល និងលំហក្នុងយន្តការពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាសកលឬបញ្ហាប្រឈមរួម ប្រកបដោយទំនួលខុសត្រូវនិងឈរលើ ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងផលប្រយោជន៍របស់មនុស្សជាតិ ស្របតាមទិសដៅដ៏ត្រឹមត្រូវរបស់ពិភពលោក។ ជាក់ស្តែងក្នុងពេលដែលពិភពលោក ជួបនូវវិបត្តិនៃការរីករាតត្បាតជំងឺ Covid-19 ប្រទេសចិនបានខិតខំដៃម្ខាងទប់ស្កាត់ ការរីករាលដាលជាទូទៅ ដៃម្ខាងខិតខំផលិតវ៉ាក់សាំង ដើម្បីផ្តល់ដល់រក្សាអាយុជីវិត និងផ្តល់កាលានុវត្តភាពថ្មីដល់ ការអភិវឌ្ឍនៃបណ្តាប្រទេសនានាក្នុងពិភពលោក។ គួររំលេចផងដែរថា ក្នុងចំណោមវ៉ាក់សាំងចំនួនពីរដូស ដែលពិភពលោកផលិតបាន ក្នុងនោះមាន១ដូសផលិតនៅក្នុងប្រទេសចិន ហើយត្រូវបានមនុស្សជាតិប្រើទូទាំងពិភពលោក ដែលនេះជាការសម្រេចបានរបស់ចិនដែលបានប្រកាស និងសន្យាចំពោះសុខុមាលភាពរបស់ពិភពលោក ស្របតាមការចង្អុលបង្ហាញទិសដៅប្រតិបត្តិ ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។

ជារួម បើទោះបីជាឆ្ពោះទៅផ្លូវសុភមង្គលមិនដូចគ្នាក៏ដោយ ហើយប្រជាជនមកពីគ្រប់ប្រទេសមានសិទ្ធិជ្រើសរើស ផ្លូវអភិវឌ្ឍន៍និងប្រព័ន្ធគ្រប់គ្រងដោយខ្លួនឯងយ៉ាងណាក្តី ក៏កម្លាំងសាមគ្គីស្របតាមទិសដៅនៃគំនិតផ្តួចផ្តើមអភិវឌ្ឍសកល នៅតែជាវិធីសាស្រ្តប្រកបដោយទឡ្ហីករណ៍ និងបែបគរុសភាក្នុងការសម្រេចបាន នូវសន្តិភាពនិងការអភិវឌ្ឍ ព្រមទាំងជាវិថីល្បឿនលឿនឆ្ពោះទៅកសាងបានឆាប់រហ័ស នូវសហគមន៍រួមវាសនារបស់មនុស្សជាតិទៀតផង៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន