(កៀវ)៖ នាថ្ងៃចន្ទនេះ ហេតុការណ៍ផ្ទុះបន្តបន្ទាប់ ដែលអាចជាការវាយប្រហារដោយគ្រាប់មីស៉ីល បានកើតមានឡើងនៅរដ្ឋធានីកៀវរបស់អ៊ុយក្រែន ព្រមទាំងទីក្រុងមួយចំនួនទៀត បន្ទាប់ពីទីក្រុងមូស្គូបានចោទប្រកាន់អ៊ុយក្រែនថា ជាអ្នកនៅពីក្រោយហេតុការណ៍ផ្ទុះ ដែលបានបង្កការខូតខាចចំពោះ ស្ពានដ៏សំខាន់មួយ ដែលតភ្ជាប់រវាងប្រទេសរុស្ស៉ីនិងតំបន់គ្រីមៀ កាលពីចុងសប្តាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ុយក្រែន បានអះអាងថា មានមនុស្សស្លាប់និងរងរបួស ក្នុងហេតុការណ៍ផ្ទុះនៅទីក្រុងកៀវ ប៉ុន្តែពុំមានការបញ្ជាក់លម្អិតអ្វីទៀតឡើយ។ ចំណែកអភិបាលទីក្រុងកៀវ លោក វីតាលី ឃ្លីតឆ្កូ (Vitali Klitschko) បានបង្ហោះសារនៅលើបណ្តាញ Telegram ដូច្នេះថា «មានហេតុការណ៍ផ្ទុះមួយចំនួន ក្នុងសង្កាត់សេវឆិនស្គីវស្គី (Shevchenskivskyi) ដែលនៅកណ្តាលទីក្រុងកៀវ ហើយព័ត៌មានលម្អិតនឹងចេញតាមក្រោយ»។
ក្រៅពីរដ្ឋធានីកៀវ ក៏មានសេចក្តីរាយការណ៍អំពីហេតុការណ៍ផ្ទុះ នៅឯទីក្រុងលីវ (Lviv), ធើណូពីល (Ternopil) និងហ្ស៉ីតូមៀ (Zhytomyr) ក្នុងតំបន់ភាគខាងលិចអ៊ុយក្រែន ហើយនិងនៅទីក្រុងឌីនីប្រូ (Dnipro) នៃតំបន់ភាគកណ្តាលប្រទេសផងដែរ។ ទន្ទឹមគ្នា ស៊ីរ៉ែនប្រកាសអាសន្នឱ្យប្រុងប្រយ័ត្ន អំពីការវាយប្រហារតាមផ្លូវអាកាស ត្រូវបានបន្លឺឡើងពាសពេញប្រទេសអ៊ុយក្រែន។
បន្ទាប់ពីឈ្លានពានលើអ៊ុយក្រែន កាលពីចុងខែកុម្ភៈ ឆ្នាំនេះ រុស្ស៉ីបានសម្រេចបោះបង់ចោលមហិច្ឆតា វាយគ្រប់គ្រងទីក្រុងកៀវវិញនៅខែមេសា ដោយសារការតស៊ូទប់ទល់យ៉ាងស្វិតស្វាញរបស់អ៊ុយក្រែន។ ចាប់តាំងពីនោះមក រុស្ស៉ីបានផ្តោតការប្រយុទ្ធ តែទៅលើតំបន់ភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែនប៉ុណ្ណោះ។
គួរបញ្ជាក់ថា យ៉ាងណាក្តី ហេតុការណ៍ផ្ទុះបន្តបន្ទាប់ នៅតាមទីក្រុងរបស់អ៊ុយក្រែននេះ គឺត្រូវគេសង្កេតឃើញថា កើតមានឡើងតែ ១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន បានចោទអ៊ុយក្រែនជាអ្នកនៅពីក្រោយ ករណីបំផ្ទុះស្ពានយុទ្ធសាស្រ្តគ្រីមៀ ហើយហៅវាថាជាអំពើភេរវកម្ម៕