(ឡុងដ៏)៖ ទីភ្នាក់ងារព័ត៌មានសម្ងាត់របស់អង់គ្លេស បានធ្វើបច្ចុប្បន្នភាពនៅថ្ងៃចន្ទនេះថា កងទ័ពរុស្ស៉ីកំពុងរុលទៅមុខកាន់តែជិតទីក្រុងបាកមុត (Bakhmut) ភាគខាងកើតអ៊ុយក្រែន ដែលជាទីតាំងយុទ្ធសាស្រ្តដ៏សំខាន់ ដោយបានរំកិលជាង២គីឡូម៉ែត្រឆ្ពោះចូលមកក្នុងទីក្រុង គិតចាប់ពីសប្តាហ៍មុន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២។
ក្រសួងការពារជាតិអង់គ្លេស បានឲ្យដឹងតាម Twitter យ៉ាងដូច្នេះថា រុស្ស៉ីនៅតែមានអាទិភាពខ្ពស់ចំពោះប្រតិបត្តិការវាយលុករបស់ខ្លួន លើផ្នែកកណ្តាលនៃតំបន់ដុនបាស់ ជាពិសេសនៅទីក្រុង Bakhmut។ ដោយឡែកក្នុងវីដេអូមួយ កាលពីយប់ថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា កងទ័ពអ៊ុយក្រែនកំពុងវាយប្រយុទ្ធយ៉ាងស្វិតស្វាញ នៅក្បែរទីក្រុង Bakhmut។
គួរបញ្ជាក់ថា ផ្នែកមួយនៃទីក្រុង Bakhmut តាមផ្លូវធំនឹងនាំទៅដល់ទីក្រុងនៃស្លូវីយ៉ានស្ក៍ (Sloviansk) និងទីក្រុងក្រាម៉ាស្តុក (Kramatorsk) ស្ថិតនៅក្នុងតំបន់ដុនបាស់ជាតំបន់ឧស្សាហកម្មដែលទីក្រុងម៉ូស្គូ មិនទាន់ចាប់យកបានពេញលេញនៅឡើយ៕