(តៃប៉ិ)៖ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) នាថ្ងៃចន្ទនេះ បានថ្លែងថា ការប្រឈមមុខគ្នាដោយអាវុធ រវាងតៃវ៉ាន់និងចិន គឺដាច់ខាតមិនអាចជាជម្រើសមួយនោះឡើយ ដើម្បីដោះស្រាយបញ្ហារវាងភាគីទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២។
ក្នុងការថ្លែងសារនៅក្រៅវិមានប្រធានាធិបតីរបស់លោកស្រី លោកស្រី សៃ បាននិយាយថា វាគួរឱ្យសោកស្តាយខ្លាំងណាស់ ដែលចិនបានបង្កើនសកម្មភាពសម្លុតគំរាមរបស់ខ្លួន និងគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់ផ្ទាល់ ក៏ដូចជាក្នុងតំបន់។
លោកស្រី សៃ បានសង្កត់ធ្ងន់ដូច្នេះថា «ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ប្រាប់ទីក្រុងប៉េកាំងថា ការប្រឈមមុខគ្នាដោយអាវុធ ដាច់ខាតមិនអាចជាជម្រើសមួយឡើយ សម្រាប់ភាគីយើងទាំងពីរ។ មានតែតាមរយៈការគោរព ការប្តេជ្ញាចិត្តរបស់ប្រជាជនតៃវ៉ាន់ ចំពោះអធិបតេយ្យ ប្រជាធិបតេយ្យ និងសេរីភាពរបស់យើងប៉ុណ្ណោះ ទើបអាចមានមូលដ្ឋាន ដើម្បីបន្តការធ្វើប្រាស្រ័យទាក់ទងគ្នា ប្រកបដោយភាពស្ថាបនាឡើងវិញ រវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់»។
ស្របពេលដែលលោកស្រី នៅតែបង្ហាញជំហរមានឆន្ទៈជានិច្ច ក្នុងការនិយាយចរចាគ្នាដោយសន្តិវិធីជាមួយចិន មេដឹកនាំតៃវ៉ាន់រូបនេះ បានប្រកាសថាកោះតៃវ៉ាន់ នឹងបន្តប្រឹងប្រែងពង្រឹងវិស័យការពារជាតិរបស់ខ្លួន ឱ្យកាន់តែរឹងមាំ។ លោកស្រី សៃ ធ្លាប់បានប្តេជ្ញារួចហើយថា ការពង្រឹងសមត្ថភាពការពារជាតិរបស់តៃវ៉ាន់ គឺជាអាទិភាពចម្បងបំផុតរបស់រដ្ឋបាលលោកស្រី។
គួរបញ្ជាក់ថា តៃវ៉ាន់ ដែលត្រូវចិនចាត់ទុកជាផ្នែកនៃដែនដីរបស់ខ្លួន បានស្ថិតក្រោមសម្ពាធផ្នែកនយោបាយនិងយោធា កាន់តែខ្លាំងឡើងៗពីសំណាក់ទីក្រុងប៉េកាំង ជាពិសេសក្រោយការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ចិន កាលពីខែសីហាកន្លងទៅ ដែលជាការឆ្លើយតបចំពោះ ដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសរបស់ ប្រធានសភាតំណាងរាស្រ្តអាមេរិក មកកាន់ដែនកោះនេះ៕