(ស៉ីដនី)៖ រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ានីយាំ ចៃសាន់កា (Subrahmanyam Jaishankar) បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសឥណ្ឌាមិនចង់និយាយជាមុនអំពីរបៀបដែលខ្លួន នឹងបោះឆ្នោតនៅឯមហាសន្និបាតនៃអង្គការសហប្រជាជាតិ (UN) លើសេចក្តីព្រាងសេចក្តីសម្រេច ដែលទំនងជានឹងថ្កោលទោសទង្វើកាត់យកទឹកដីអ៊ុយក្រែនរបស់រុស្ស៉ីនោះទេ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២។
មហាសន្និបាតអង្គការសហប្រជាតិ នឹងបោះឆ្នោតលើសេចក្តីព្រាងដំណោះស្រាយ នៅថ្ងៃអង្គារឬថ្ងៃពុធសប្តាហ៍នេះ។ ថ្លែងក្នុងសន្និសីទរួមគ្នាជាមួយរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី ផេននី វង់ (Penny Wong) នៅទីក្រុងកង់បេរ៉ា លោក ចៃសាន់កា បានគូសបញ្ជាក់ថា «ដោយសារតែគោលការណ៍ និងជាការប្រុងប្រយ័ត្ន យើងពុំអាចធ្វើការព្យាករសំឡេងឆ្នោតរបស់យើង ទុកជាមុនបានទេ»។
គួរបញ្ជាក់ថា កន្លងមកនេះ រុស្ស៉ីបានបោះឆ្នោតវេតូលើ សេចក្តីសម្រេចមួយនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលផ្តួចផ្តើមដោយសហរដ្ឋអាមេរិក និងប្រទេសអាល់បានី កាលពីខែមុន ដើម្បីថ្កោលទោសការប្រកាសបញ្ចូលទឹកដីអ៊ុយក្រែន ដោយទីក្រុងមូស្គូ ទៅក្នុងឧបសម្ព័ន្ធរបស់រុស្ស៉ី ខណៈឥណ្ឌា ចិន ហ្កាបុង និងប្រេស៉ីល បោះឆ្នោតអនុប្បវាទ៕