(មុស្គូ)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Ria Novosti បានរាយការណ៍ ដោយដកស្រង់ប្រភពពីវិមានក្រឹមឡាំងថា ប្រធានាធិបតី​រុស្ស៉ី ​លោក វ្ល៉ាឌីមៀ ពូទីន បានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិនៅថ្ងៃចន្ទស្អែកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៩​ ខែតុលា ឆ្នាំ២០២២។

មូលហេតុ​នៃ​កិច្ចប្រជុំនេះ​ មិន​ត្រូវ​បាន​ប្រកាស​ឲ្យដឹងភ្លាមៗ​នេះទេ។​ ប៉ុន្តែអ្វីដែលគេដឹងច្បាស់ថា វាបានកើតតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់​ពី​ស្ពាន​យុទ្ធសាស្ត្រគ្រីមៀរបស់ខ្លួន ត្រូវ​បាន​ខូចខាត​ក្នុង​ការ​បំផ្ទុះគ្រាប់បែក ​នៅ​ក្នុង​អ្វី​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​ការ​បរាជ័យ​ផ្នែក​សន្តិសុខ​ដ៏​អាក្រក់​សម្រាប់​រុស្ស៊ី។

ក្រុមប្រឹក្សានេះមានសមាសភាពមន្ត្រីជាន់ខ្ពស់បំផុតរបស់រដ្ឋ និងជាប្រមុខការពារជាតិ និងសន្តិសុខរុស្ស៊ី ដែលទទួលបន្ទុកសម្របសម្រួលកិច្ចការសន្តិសុខជាតិ។

ស្ពានគ្រីមៀដែលមានប្រវែង ១៩គីឡូម៉ែត តភ្ជាប់តំបន់គ្រីមៀនឹងរុស្ស៉ីដីគោក ត្រូវបានខូចខាតនៅក្នុងការផ្ទុះដ៏ខ្លាំងមួយកាលពីថ្ងៃសៅរ៍ម្សិលមិញ។​​

ស្ពានខាងលើដែលមានទាំងផ្លូវថ្នល់និងផ្លូវដែក ត្រូវបានសាងសង់ឡើងក្រោមការបញ្ជារបស់ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បន្ទាប់ពីរុស្ស៉ីបានក្រសោបយកតំបន់គ្រីមៀពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤។ ស្ពាននោះត្រូវបានសម្ពោធនៅឆ្នាំ២០១៨ និងដើរតួនាទីយ៉ាងសំខាន់ ជាមធ្យោបាយដឹកជញ្ជូនដើម្បីនាំបរិក្ខារយោធានិងសព្វាវុធ ទៅកាន់កងទ័ពរុស្ស៉ីដែលកំពុងធ្វើសង្រ្គាមនៅអ៊ុយក្រែន ជាពិសេសនៅតំបន់ភាគខាងត្បូង ក៏ជាការដឹកជញ្ជូនកងទ័ពពីរុស្ស៉ីទៅកាន់គ្រីមៀ។ ដោយលាតសន្ធឹងឆ្លងកាត់ច្រកសមុទ្រឃើជ (Kerch Strait) វាគឺជាស្ពានចម្លងតែមួយគត់ រវាងតំបន់គ្រីមៀនិងប្រទេសរុស្ស៉ី។

គួរបញ្ជាក់ថា កន្លងមករុស្ស៉ីធ្លាប់បានអះអាងថា ស្ពានខាងលើគឺមានសុវត្ថិភាព បើទោះបីជាសង្រ្គាមផ្ទុះឡើងនៅអ៊ុយក្រែនក៏ដោយ ប៉ុន្តែបានព្រមានចាត់វិធានការសងសឹក ប្រសិនបើវារងការវាយប្រហារ។ ប្រសិនបើទីក្រុងកៀវពិតជានៅពីក្រោយករណីអគ្គិភ័យ លើស្ពានគ្រីមៀមែននោះ វានឹងជាក្តីបារម្ភធ្ងន់ធ្ងរមួយសម្រាប់ទីក្រុងមូស្គូ ដ្បិតស្ពាននោះស្ថិតនៅឆ្ងាយពីសមរភូមិជួរមុខ។ ដោយឡែក ក៏ធ្លាប់មានករណីផ្ទុះមួយចំនួន កើតមានឡើងនៅតាម មូលដ្ឋានយោធារបស់រុស្ស៉ី លើឧបទ្វីបគ្រីមៀផងដែរ៕