(វ៉ាស៊ីនតោន)៖ កំពូលមហាសេដ្ឋីអាមេរិក លោក Elon Musk បាននិយាយថាភាពតានតឹងរវាងចិន និងតៃវ៉ាន់ អាចនឹងត្រូវបានដោះស្រាយ តាមរយៈការប្រគល់ការគ្រប់គ្រងមួយចំនួនលើតៃវ៉ាន់ ទៅឱ្យចិន។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៩ ខែតុលា ឆ្នាំ២០២២។
លោក Elon Musk ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times កាលពីថ្ងៃសុក្រកន្លងទៅនេះ និងប៉ុន្មាន ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរងការថ្កោលទោសយ៉ាងខ្លាំងនៅក្នុងប្រទេសអ៊ុយក្រែន ជុំវិញការលើកឡើងពីផែនការបញ្ចប់សង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន ដែលលោកផ្ទាល់ស្នើឱ្យអ៊ុយក្រែនប្រគល់តំបន់គ្រីមៀឱ្យរុស្ស៉ី ជាអចិន្ត្រៃយ៍, រៀបចំការបោះឆ្នោតប្រជាមតិថ្មីមួយក្រោមឆត្រ UN ដើម្បីកំណត់ពីជោគវាសនារបស់ទឹកដីអ៊ុយក្រែនដែលរុស្ស៉ីគ្រប់គ្រង និងឱ្យអ៊ុយក្រែនទទួលយក «លក្ខខន្តិកៈអព្យាក្រឹត»។
ជាថ្មីម្ដងទៀត នៅពេលត្រូវបានសាកសួរដោយអ្នកកាសែត Financial Times ពាក់ព័ន្ធនឹងភាពតានតឹងរវាងចិន និងតៃវ៉ាន់ លោក Elon Musk បានគូសបញ្ជាក់ដូច្នេះថា «ជាអនុសាសន៍របស់ខ្ញុំ... គេគួរតែដោះស្រាយបញ្ហាតាមរយៈតំបន់រដ្ឋបាលពិសេសមួយសម្រាប់តៃវ៉ាន់ ដែលសមរម្យ អាចទទួលយកបាន តែប្រហែលជាមិនអាចធ្វើឱ្យមនុស្សគ្រប់គ្នាពេញចិត្តនោះទេ»។ លោកបន្ថែមទៀតថា «ជាការពិត ពួកគេ (តៃវ៉ាន់) នឹងមានកិច្ចព្រមព្រៀងមួយដែលនឹងមានភាពធូរស្រាលជាងទីក្រុងហុងកុង»។
គួរបញ្ជាក់ថា ចិន បានផ្ដល់ឱ្យតៃវ៉ាន់នូវរបៀបដឹកនាំ «ប្រទេសមួយ ប្រព័ន្ធ២» ដូចគ្នាទៅនឹងទីក្រុងហុងកុងដែរ ប៉ុន្តែតៃវ៉ាន់បានច្រានចោល ជាមួយការអះអាងថាតៃវ៉ាន់មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិនទេ៕