(យូ ថៃសាវ៉ាន់)៖ ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ បានប្រមូលផ្ដុំគ្នានៅថ្ងៃអាទិត្យនេះ នៅឯវត្តមួយកន្លែង ដើម្បីបន់ស្រន់ និងធ្វើបុណ្យ ឧទ្ទិសដល់វិញ្ញាណក្ខន្ធកូនៗរបស់ពួកគេដែលត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារ និងចាក់សម្លាប់មនុស្សយ៉ាងរង្គាលនៅឯ មណ្ឌលថែទាំកុមារ នៅឯភាគឦសាន ប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៩ ខែតុលា ឆ្នាំ២០២២។
សាច់ញាតិជនរងគ្រោះទាំងអស់ បានប្រមូលផ្ដុំគ្នានៅវត្តឈ្មោះរ័ត្ន សាមគ្គី (Rat Samakee) ជាវត្តមួយក្នុងចំណោមវត្តចំនួន៣ ជាទីដែល សាកសពជនរងគ្រោះទាំង ៣៦នាក់ ក្នុងនោះមាន ២៤នាក់ជាកុមារ ត្រូវបានតម្កល់ទុកសម្រាប់ពិធីបុណ្យបូជាតាមប្រពៃណីថៃ នៅថ្ងៃអង្គារ សប្ដាហ៍ក្រោយនេះ។ ចំណែកឯ នាយករដ្ឋមន្ត្រីថៃ លោក បា្រយុទ្ធ ចាន់អូចា ក៏ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងពិធីបន់ស្រន់នៅឯវត្តមួយក្នុង ចំណោមវត្តទាំង៣ ខាងលើផងដែរ នៅល្ងាចនៅថ្ងៃអាទិត្យនេះ។
គួរបញ្ជាក់ថា ខ្មាន់កាំភ្លើងម្នាក់បានបាញ់ប្រហារ និងចាក់សម្លាប់មនុស្សនៅឯមណ្ឌលថែទាំកុមារ Young Children’s Development Center នៅក្នុងស្រុក ណាខ្លាង (Na Klang), ណង បួ ឡាំភូ (Nong Bua Lam Phu) មុននឹងរូបគេបាញ់សម្លាប់ប្រពន្ធនិងកូន ហើយក្រោយមក ទើប បាញ់សម្លាប់ខ្លួនឯងតាមក្រោយ៕