(កៀវ)៖ អាជ្ញាធរអ៊ុយក្រែន នៅថ្ងៃអាទិត្យនេះបានឱ្យដឹងថាមនុស្សយ៉ាងហោច ១២នាក់បានស្លាប់ និង៤៩នាក់ផ្សេងទៀត ក្នុងនោះមានកុមារ ៦នាក់ រងរបួសនៅក្នុង ការវាយប្រហារដោយមីស៊ីលពីសំណាក់កងកម្លាំងរុស្ស៉ី នៅក្នុងទីក្រុង ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) នៃភាគអាគ្នេយ៍ប្រទេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៩ ខែតុលា ឆ្នាំ២០២២។

អគារមួយមានកម្ពស់៩ជាន់ ក៏បានរងការបំផ្លិចបំផ្លាញមួយផ្នែកធំ រីឯអគារ៥ខ្នងទៀតរងការខូចខាតរងការខូចខាតផងដែរ ដោយសារតែការវាយប្រហារដោយ គ្រាប់មីស៊ីលរបស់រុស្ស៉ីចំនួន១២គ្រាប់។ បើតាមអាជ្ញាធរអ៊ុយក្រែន ប្រតិបត្តិការជួយសង្រ្គោះមួយកំពុងបន្តធ្វើឡើង ហើយមនុស្ស៨នាក់ត្រូវបានជួយសង្រ្គោះ និងជាច្រើននាក់ទៀតត្រូវបានគេជឿជាក់ថាកំពុងជាប់នៅក្រោមអគារគំនរបាក់បែក។

គួរបញ្ជាក់ថា ទីក្រុង ហ្សាប៉ូរីសហ្ស៉ីយ៉ា ស្ថិតនៅចម្ងាយប្រហែល ១២៥គីឡូម៉ែត្រ ពីរោងចក្រថាមពលនុយក្លេអ៊ែរ ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៉ី ជាទីដែលទីក្រុង មូស្គូ និងទីក្រុង កៀវ បានចោទប្រកាន់គ្នាទៅវិញទៅមកពីការវាយប្រហារដ៏គ្រោះថ្នាក់នៅក្បែររោងចក្រនេះ៕