(កៀវ)៖ រុស្ស៉ី បានតែងតាំងមេបញ្ជាការថ្មីម្នាក់ឱ្យដឹកនាំការធ្វើសង្រ្គាមនៅអ៊ុយក្រែន បន្ទាប់ពីទីក្រុងមូស្គូទទួលរងបរាជ័យជាបន្តបន្ទាប់ នៅចំពោះមុខការវាយបកយ៉ាង លឿនរហ័សពីសំណាក់កងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ភាគខាងកើត និងខាងត្បូងនៃប្រទេស។

ការប្រកាសតែងតាំងមេបញ្ជាការថ្មីខាងលើ ធ្វើឡើងដោយក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃសៅរ៍ ទី៨ ខែតុលានេះ។ លោកឧត្ដមសេនីយ៍ សឺហ្គៃ ស៊ូរ៉ូវីគីន (Sergey Surovikin) ត្រូវបានតែងតាំងជាមេបញ្ជាការថ្មី ដើម្បីដឹកនាំប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ដែលលោកខាងលិចហៅថាជាសង្រ្គាមឈ្លានពានជំនួសលោក ឧត្ដមសេនីយ៍ អាឡិចហ្សាន់ឌឺ ឌីវ័រនីកូវ (Alexander Dvornikov)។ បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី លោក Dvornikov ត្រូវបានតែងតាំងជាមេបញ្ជាការដឹកនាំសង្រ្គាម នៅអ៊ុយក្រែន តែខាងវិមានក្រឹមឡាំងមិនដែលបានប្រកាសពីការតែងតាំងនេះជាផ្លូវការឡើយ។ ដូច្នេះ នេះគឺជាលើកដំបូងបំផុតដែលក្រសួងការពារជាតិរុស្ស៉ីប្រកាស តែងតាំងមេបញ្ជាការសង្រ្គាមថ្មីជាផ្លូវការ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។

*តើលោក Surovikin ជានរណា?

លោក Surovikin មានអាយុ ៥៥ឆ្នាំ កើតនៅក្នុងតំបន់ណូវ៉ូស៊ីបឺស (Novosibirsk) នៃតំបន់ស៊ីបេរី។ លោកធ្លាប់ដឹកនាំកងកម្លាំងទ័ពអាកាសស៊ីរី និងអវកាសរុស្ស៉ី ចាប់តាំងពីឆ្នាំ២០១៧មក។ លោក Surovikin បានប្រឡូកនៅក្នុងសមរភូមិសង្រ្គាម អំឡុងទសវត្សរ៍ឆ្នាំ១៩៩០ នៅក្នុងប្រទេសតាហ្ស៉ីគីស្ថាន និងតំបន់ឆេឆេនី ព្រមទាំង នៅប្រទេសស៊ីរីផងដែរ ជាទីដែលរុស្ស៉ីធ្វើអន្តរាគមន៍យោធាជួយរដ្ឋាភិបាលរបស់លោក បាស្ហា អាល់សាដ នៅឆ្នាំ២០១៥មក។ លោក Surovikin ត្រូវបានគេជឿជាក់ថា បានដឹកនាំប្រតិបត្តិការនៅសមរភូមិសង្រ្គាម ក្នុងតំបន់ភាគខាងត្បូងប្រទេសអ៊ុយក្រែន មួយរយៈធំមកហើយ បើទោះជាមិនមានការទទួលស្គាល់ជាផ្លូវការក៏ដោយ។​

មុនត្រូវបានតែងតាំងជាមេបញ្ជាការដឹកនាំការធ្វើសង្រ្គាមនៅអ៊ុយក្រែន លោក Surovikin ធ្លាប់បានកាន់តួនាទីជាច្រើននៅក្នុងជួរយោធារុស្ស៉ី ហើយលោកក៏ធ្លាប់ត្រូវបាន គេចាត់ទុកថាជាបេក្ខជនម្នាក់ មានលទ្ធភាពខ្ពស់ជាងគេដែលអាចនឹងត្រូវបានតែងតាំងជានាយអគ្គសេនាធិការកងទ័ពរុស្ស៉ី នៅពេលអនាគតផងដែរ។ លោក Surovikin ធ្លាប់រស់នៅក្នុងតំបន់ឆេឆេនី នៅដើមទសវត្សរ៍ឆ្នាំ២០០០។ លោកធ្លាប់ជាប់ពន្ធនាគារជាង ៦ខែ ក្រោយកងទ័ពនៅក្រោមបង្គាប់របស់លោកបានសម្លាប់បាតុករ៣នាក់ នៅក្នុងទីក្រុងមូស្គូ អំឡុងការធ្វើរដ្ឋប្រហារមិនបានសម្រេចមួយកាលពីខែសីហា ឆ្នាំ១៩៩១។ ប៉ុន្តែ លោកត្រូវបានដោះលែងឱ្យមានសេរីភាពដោយមិនបានឆ្លងកាត់ សវនាការជំនុំជម្រះនោះទេ។ នេះបើតាមឯកសារមួយចេញផ្សាយដោយវិទ្យាស្ថាន Jamestown Foundation មានមូលដ្ឋាននៅក្នុងទីក្រុងវ៉ាស៊ីនតោន។

មិនតែប៉ុណ្ណោះ ឯកសារដដែលក៏បានឱ្យដែរថានៅក្នុងឆ្នាំ១៩៩៥ លោក Surovikin ដែលក្រុមសិទ្ធិមនុស្សហៅថាជា «បុរសដៃឆៅ» ទទួលបានការព្យួរការអនុវត្តទោស ជាប់ពាក់ព័ន្ធនឹងការជួញដូរអាវុធខុសច្បាប់ ហើយក្រោយមក ទោសរបស់លោកត្រូវបានលុបចោល។ សហភាពអឺរ៉ុប បានដាក់លោក Surovikin ទៅក្នុងបញ្ជីទណ្ឌកម្ម កាលពីថ្ងៃទី២៣ ខែកុម្ភៈ ពោលគឺមួយថ្ងៃមុនរុស្ស៉ីឈ្លានពានអ៊ុយក្រែន៕

ប្រភព៖ New York Times