(វ៉ាស៊ីនតោន)៖ យោធាមេរិក កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះបានឱ្យដឹងថាកងកម្លាំងមិនស្គាល់អត្តសញ្ញាមួយ បានបាញ់រ៉ុក្កែតមួយគ្រាប់លើមូលដ្ឋានមួយកន្លែងនៅក្នុង ប្រទេសស៊ីរី ជាទីដែលកងទ័ពអាមេរិក និងកងកម្លាំងជាដៃគូ កំពុងឈរជើង តែមិនបានបណ្ដាឱ្យមានការខូចខាត ឬអ្នករងរបួសនោះទេ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៩ ខែតុលា ឆ្នាំ២០២២។

បើតាមទីបញ្ជាការកណ្ដាលយោធាអាមេរិក ដែលទទួលបន្ទុកលើកងទ័ពអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា រ៉ុក្កែត ១០៧មីលីម៉ែត្រមួយគ្រាប់ខាងលើ បានធ្លាក់ចំមូលដ្ឋានទ័ព អាមេរិក រូម៉ាលីន លែងឌីន ហ្សូន (Rumalyn Landing Zone) ស្ថិតនៅឦសាន ប្រទេសស៊ីរី។ ប៉ុន្តែ ភ្លាមៗ ទីបញ្ជាការអាមេរិក មិនទាន់បានដាក់សង្ស័យថាតើ ការវាយប្រហារនេះជាស្នាដៃរបស់ក្រុមណាមួយនោះទេ។ មួយវិញទៀត ការវាយប្រហារនេះកើតមានឡើងតែ ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីឧទ្ធម្ភាគចក្រអាមេរិកមួយគ្រឿង បានវាយឆ្មក់លើភូមិមួយកន្លែងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលស៊ីរី នៅភាគឦសាននៃប្រទេស ដោយសម្លាប់សកម្មប្រយុទ្ធជាន់ខ្ពស់ម្នាក់របស់ក្រុម ISIS។

គួរបញ្ជាក់ថា កងទ័ពអាមេរិក ត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសស៊ីរី ជាលើកដំបូងនៅក្រោមអាណត្តិដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ក្នុង គោលដៅប្រឆាំងនឹងក្រុម ISIS ដោយសហការជាមួយកងកម្លាំងឃើដប្រជាធិបតេយ្យស៊ីរី។ មកទល់នឹងពេលនេះ មានកងទ័ពអាមេរិក ៩០០នាក់ កំពុងឈរជើងនៅលើ ទឹកដីស៊ីរី ហើយក្នុងចំណោមកងទ័ពទាំងនេះ ភាគច្រើនឈរជើងនៅភាគខាងកើតប្រទេសស៊ីរី៕