(តូក្យូ)៖ កូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះ បានបាញ់សាកល្បងមីស៊ីលផ្លោងចំនួន២គ្រាប់ ដែលជាការធ្វើតេស្ដមីស៊ីលលើកទី៧ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈសហរដ្ឋអាមេរិក រួមទាំងកូរ៉េខាងត្បូង និងជប៉ុនបង្ហាញការព្រួយបារម្ភខ្លាចក្រែងទីក្រុងព្យុងយ៉ាងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាថ្មីឆាប់ៗនេះ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ៩ ខែតុលា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិជប៉ុន បានឱ្យដឹងថា មីស៊ីលទាំង ២ខាងលើ បានហោះក្នុងរយៈកម្ពស់ ១០០គីឡូម៉ែត្រ និងរយៈចម្ងាយ ៣៥០គីឡូម៉ែត្រ ដោយមីស៊ីលដំបូងត្រូវបានបាញ់តេស្ដនៅម៉ោង ១៖៤៧នាទីយប់រំលងអាធ្រាត្រ (ម៉ោងក្នុងតំបន់) និងគ្រាប់ទី២ ត្រូវបានបាញ់នៅ ៦នាទីក្រោយ។​ បើតាមសេចក្ដីថ្លែងការណ៍ដដែល គ្រាប់មីស៊ីលទាំង២គ្រាប់ បានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន រីឯក្រុមអ្នកជំនាញកំពុងវាយតម្លៃថាតើកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលប្រភេទអ្វីឱ្យប្រាកដ។

គួរបញ្ជាក់ថា យោធាអាមេរិក បាននិយាយថាខ្លួនកំពុងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត និងបណ្ដាប្រទេសជាដៃគូ បន្ទាប់ពីការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង តែបានបញ្ជាក់ថាការធ្វើតេស្ដមីស៊ីលលើកចុងក្រោយនេះ មិនបានបង្កការគំរាមកំហែងដល់កងទ័ពអាមេរិក ឬសម្ព័ន្ធមិត្តអាមេរិកឡើយ៕