(បាងកក)៖ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្សយ៉ាងតិច៣៧នាក់ ក្នុងសកម្មភាពបាញ់ប្រហារ និងចាក់សម្លាប់ដ៏សាហាវឃោរឃៅជាទីបំផុតមួយ ដែលបានកើតឡើងនៅមណ្ឌលមើលថែកុមារមួយកន្លែង ក្នុងភាគឦសានប្រទេសថៃ។
ករណីខាងលើបានកើតឡើងនៅក្រុង អ៊ូថៃ សាវ៉ាន់ (Uthai Sawan) ជាក្រុងតូចមួយស្ថិតនៅចម្ងាយ៥០០គីឡូម៉ែត្រពីភាគឦសាននៃទីក្រុងបាងកក ក្នុងណាក្លាង (Na Klang) នៃខេត្តណងបួឡាំភូ (Nongbua Lamphu) ហើយជាករណីដែលកុមារក្នុងចំនួនដ៏ច្រើនបំផុតមួយ ត្រូវបានសម្លាប់ក្រោមស្នាដៃឃាតកតែម្នាក់។
ក្នុងចំណោមអ្នកបាត់បង់ជីវិតទាំងអស់ គឺមានក្មេងៗដល់យ៉ាងតិច២៤នាក់ ដោយក្មេងខ្លះមានអាយុទាបបំផុតត្រឹមតែ២ឆ្នាំប៉ុណ្ណោះ។ ក្រៅពីនេះក៏មានមនុស្ស ១២នាក់ផ្សេងទៀត ទទួលរងរបួសផងដែរ។ ចំណែកឯឃាតកគឺបានធ្វើអត្តឃាតខ្លួនឯង។
* តើគេដឹងអ្វីខ្លះអំពីខ្មាន់កាំភ្លើង?
ប៉ូលិសបានបង្ហើបពីអត្តសញ្ញាណរបស់ខ្មាន់កាំភ្លើងថាជា អតីតមន្រ្តីប៉ូលិសម្នាក់ឈ្មោះ ប៉ាន់យ៉ា ខាមរ៉ាប់ (Panya Kamrap) អាយុ៣៤ឆ្នាំ។ អគ្គស្នងការប៉ូលិសជាតិថៃ បានប្រាប់ថា ខ្មាន់កាំភ្លើងត្រូវបានព្យួរពីតួនាទីកាលពីខែមករា ឆ្នាំនេះ ហើយដកចេញពីតំណែងតែម្តង កាលពីខែមិថុនាកន្លងទៅ ដោយសារការប្រើប្រាស់គ្រឿងញៀន។
ជន ប៉ាន់យ៉ា ក៏ប្រឈមនឹងការជំនុំជម្រះក្តីជុំវិញបទចោទប្រកាន់បទល្មើសគ្រឿងញៀនផងដែរ។ បើតាមប៉ូលិសថៃ ក្នុងថ្ងៃកើតហេតុ គឺខ្មាន់កាំភ្លើង គឺបានចូលបង្ហាញខ្លួនក្នុងសវនាការ ហើយក្រោយមកបានចេញទៅមណ្ឌលថែទាំកុមារខាងលើ ដើម្បីទៅរកកូនតែមិនជួប។ ការស៉ើបអង្កេតជាបឋមរបស់ប៉ូលិស បានរកឃើញថា ប៉ាន់យ៉ា បានជួបបញ្ហាលំបាកខ្លាំងទាក់ទងនឹងលុយកាក់ ក៏ដូចជាចំណងអាពាហ៍ពិពាហ៍ ចាប់តាំងពីខ្លួនបាត់បង់ការងារជាប៉ូលិសមក។
មេប៉ូលិសក្នុងតំបន់បានបង្ហើបប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកទទួលបានដំណឹងពីម្តាយរបស់ខ្មាន់កាំភ្លើង នៅថ្ងៃកើតហេតុថា ជន ប៉ាន់យ៉ា បានឈ្លោះទាស់ទែងគ្នាជាមួយប្រពន្ធ ជាច្រើនថ្ងៃមកហើយ។ ចំណែកអតីតមិត្តរួមការងារ បានអះអាងថា ប៉ាន់យ៉ា គឺជាបុគ្គលដែលឆាប់ឆេវឆាវ និងចូលចិត្តប្រើហិង្សា ពេលខ្លួននៅធ្វើការជាប៉ូលិស។
ទោះអ្នកស្រុកក្នុងតំបន់បានអះអាងថា ជន ប៉ាន់យ៉ា ត្រូវគេស្គាល់មុខជាបុគ្គលញៀនថ្នាំ ហើយមានការសង្ស័យថា សកម្មភាពវាយប្រហារដ៏អាក្រក់ខាងលើ ទំនងជាកើតឡើងក្រោមឥទ្ធិពលគ្រឿងញៀនក៏ដោយក្តី វានៅពុំទាន់ច្បាស់នោះទេថា តើខ្មាន់កាំភ្លើងនៅបន្តប្រើប្រាស់គ្រឿងញៀនឬយ៉ាងណា ប៉ុន្តែអគ្គស្នងការប៉ូលិសជាតិថៃ បាននិយាយថា លទ្ធផលនៃការធ្វើកោសលវិច័យសាកព បានបង្ហាញថា ជន ប៉ាន់យ៉ា មិនបានប្រើប្រាស់សារធាតុញៀន ក្នុងថ្ងៃកើតហេតុឡើយ។
* តើសកម្មភាពវាយប្រហារបានកើតឡើងដោយរបៀបណា?
អាជ្ញាធរក្នុងតំបន់បានអះអាងថា ខ្មាន់កាំភ្លើងបានធ្វើសកម្មភាពវាយប្រហាររបស់ខ្លួន នៅមណ្ឌលមើលថែកុមារ នាវេលាម៉ោង ១២៖៣០នាទីថ្ងៃត្រង់ (ម៉ោងក្នុងតំបន់)។ សាក្សីម្នាក់បានអះអាងប្រាប់ប្រព័ន្ធផ្សព្វផ្សាយថៃ Thai PBS ថា ខ្លួនបានឃើញ ខ្មាន់កាំភ្លើងចុះចេញពីរថយន្ត ហើយបាញ់ទៅលើមនុស្សម្នាក់ភ្លាមៗ ដែលកំពុងហូបអាហារថ្ងៃត្រង់នៅខាងក្រៅ បន្ទាប់ក៏មានការបាញ់ជាច្រើនគ្រាប់ទៀត។
យោងតាមសាក្សី បុគ្គលិកបានបិទនិងចាក់គន្លឹះទ្វារចូលទៅកាន់អគារមណ្ឌលថែទាំ ប៉ុន្តែខ្មាន់កាំភ្លើងបានប្រើកាំភ្លើងបាញ់ទម្លុះ និងធាក់ទម្លាយបានសម្រេច។ កុមារប្រហែលខ្ទង់៣០នាក់ មានវត្តមាននៅក្នុងអគារមណ្ឌលថែទាំ មុនពេលខ្មាន់កាំភ្លើងចូលទៅដល់។ ជាដំបូង ខ្មាន់កាំភ្លើងបានបាញ់បុគ្គលិកមណ្ឌល៤-៥នាក់ ក្នុងនោះរួមមានម្នាក់ជាស្រ្តីពពោះ៨ខែទៅហើយ។ ពីដំបូងឡើយ ស្នូរគ្រាប់កាំភ្លើង ត្រូវគ្រប់គ្នាស្មានថា ជាសំឡេងបាញ់កាំជ្រួច។
ប៉ូលិសថៃបានឱ្យដឹងថា ក្មេងប្រុស១៩នាក់, ក្មេងស្រី៣នាក់ និងមនុស្សធំ២នាក់ ត្រូវបានសម្លាប់ នៅខាងក្នុងអគារមណ្ឌលថែទាំ មុនពេលខ្មាន់កាំភ្លើងរត់គេចខ្លួន ខណៈចំនួនអ្នកស្លាប់សរុបនៅកន្លែងកើតហេតុ គឺយ៉ាងតិច៣៧នាក់។ មានតែក្មេងៗប៉ុន្មាននាក់ប៉ុណ្ណោះ ដែលបានរួចរស់ជីវិត រួមមានទាំងក្មេងស្រីម្នាក់អាយុ៣ឆ្នាំ ដែលបានគេងដណ្តប់ភួយលង់លក់ នៅឆ្ងាយពីគេឯងក្នុងបន្ទប់មួយ ស្របពេលក្មេងតូចៗដទៃទៀត ដែលជាមិត្តភក្តិរបស់នាងតូច ត្រូវបានខ្មាន់កាំភ្លើងបាញ់ និងចាក់សម្លាប់យ៉ាងរង្គាល។
* តើខ្មាន់កាំភ្លើងបន្តដំណើរទៅទីណា ក្រោយការវាយប្រហារនៅមណ្ឌលថែទាំកុមារ?
សាក្សីបានប្រាប់បណ្តាញព័ត៌មានថា ខ្លួនបានប្រទះឃើញ ខ្មាន់កាំភ្លើងបើករថយន្តយ៉ាងកម្រោលលើដងផ្លូវ ក្រោយរត់គេចចេញពីកន្លែងកើតហេតុ។ ខ្មាន់កាំភ្លើងបានបើកប៉ះម៉ូតូ១គ្រឿង ហើយបណ្តាលឱ្យមនុស្ស២នាក់រងរបួស។ ប៉ូលិសបានឱ្យដឹងបន្ថែមថា ក្រោយរត់គេចខ្លួន ខ្មាន់កាំភ្លើងបានបន្តបាញ់ប្រហារចេញពីរថយន្ត ដោយត្រូវចំមនុស្សមួយចំនួន។ ទីបំផុត ខ្មាន់កាំភ្លើង ប៉ាន់យ៉ា ក៏បានជិះរថយន្តទៅដល់ផ្ទះ រួចសម្លាប់ប្រពន្ធនិងកូនខ្លួនឯង មុនពេលធ្វើអត្តឃាតតាមក្រោយ។
* តើខ្មាន់កាំភ្លើងមានអាវុធអ្វីខ្លះ?
ប៉ូលិសថៃបានប្រាប់ថា ជន ប៉ាន់យ៉ា ប្រដាប់ដោយកាំភ្លើងប្រភេទ shotgun ១ដើម, កាំភ្លើងខ្លី ១ដើម និងកាបិតមួយ ខណៈអាវុធដែលជននោះប្រើប្រាស់ជាចម្បងក្នុងការធ្វើសកម្មភាព គឺកាំភ្លើងខ្លីប្រភេទទំហំគ្រាប់៩មីលីម៉ែត្រ ដែលខ្មាន់កាំភ្លើងទិញដោយស្របច្បាប់ខ្លួនឯង មិនមែនជារបស់ប៉ូលិសទេ។
* តើពីមុនមកធ្លាប់មានករណីបាញ់ប្រហារស្លាប់មនុស្សរង្គាលបែបនេះ នៅក្នុងប្រទេសថៃដែរឬទេ?
អំពើហិង្សាដោយកំាភ្លើង ត្រូវបានគេមើលឃើញថាជាបញ្ហាដ៏ធំមួយនៅក្នុងប្រទេសថៃ ដែលជាប្រទេសជាប់លេខ២ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានអ្នកស្លាប់ដោយសារកាំភ្លើងច្រើន បន្ទាប់ពីហ្វីលីពីន។ ប៉ុន្តែក្រុមអ្នកជំនាញថៃ បានអះអាងថា អាវុធខុសច្បាប់ត្រូវបានប្រើប្រាស់ ក្នុងការប្រព្រឹត្តបទឧក្រិដ្ឋ ជាជាងធ្វើអត្តឃាតខ្លួនឯង។ តួយ៉ាងកាលពីឆ្នាំ២០២០ ទាហានថៃម្នាក់ បានបាញ់សម្លាប់មនុស្ស២៩នាក់ និងបង្កឱ្យរបួសចំនួន៥៧នាក់ ក្នុងរយៈពេលជាច្រើនម៉ោង មុនពេលសកម្មភាពបាញ់ប្រហារបានបញ្ចប់ ទៅវិញ ក្រោយខ្មាន់កាំភ្លើងរូបនោះ ត្រូវកងកម្លាំងពិសេសថៃបាញ់សម្លាប់។ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ទាហានថៃម្នាក់នៅមូលដ្ឋានទ័ពមួយក្នុងរដ្ឋធានីបាងកក បានបាញ់សម្លាប់មនុស្ស២នាក់ និងមនុស្សម្នាក់រងរបួស។
បើតាមរបាយការណ៍ចេញផ្សាយកាលពីខែកញ្ញាកន្លងទៅ នៅក្នុងប្រទេសថៃ មានកាំភ្លើងជាង៤លានដើមមិនត្រូវបានចុះបញ្ជីត្រឹមត្រូវ ហើយ៦លានដើមបានចុះបញ្ជី។ របាយការណ៍ដដែល ក៏បានឱ្យដឹងដែរថា ការលក់កាំភ្លើងក្នុងតម្លៃថោក នៅលើប្រព័ន្ធអនឡាញ វាបានផ្ដល់ភាពងាយស្រួលដល់ប្រជាជនទូទៅ ក្នុងការស្វែងរកការទិញកំាភ្លើង ដោយមិនចាំបាច់ឆ្លងកាត់ការត្រួតពិនិត្យដ៏តឹងរ៉ឹង៕