(រូកឡា)៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី គ្រីស្ទីន ឡាំប្រិច (Christine Lambrecht) បាននិយាយនៅថ្ងៃសៅរ៍នេះថា ណាតូ (NATO) ត្រូវតែធ្វើការបន្ថែមទៀតសម្រាប់សន្តិសុខរួម ដើម្បីការពារខ្លួនប្រឆាំងនឹងសកម្មភាពសក្តានុពល របស់រុស្ស៊ីនិងប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២២។
លោកស្រី ឡាំប្រិច បានគូសបញ្ជាក់ថា «ជាការពិតណាស់ថាពួកយើង ឬ ណាតូ ត្រូវតែធ្វើអ្វីបន្ថែមទៀតសម្រាប់សន្តិសុខរួមរបស់យើង ពីព្រោះយើងមិនអាចដឹងថាតើភាពវង្វេងស្មារតីរបស់ពូទីនអាចទៅបានដល់កម្រិតណា»។
លោកស្រី បន្ថែមថា «យើងបានឮពីការគំរាមកំហែងរបស់រុស្ស៊ីចំពោះប្រទេសលីទុយអានី ដែលកំពុងអនុវត្តទណ្ឌកម្មរបស់អឺរ៉ុបនៅតាមព្រំដែន ជាមួយតំបន់ កាលីនីនក្រាដ (Kaliningrad)។ នេះមិនមែនជាការគំរាមកំហែងដំបូងឡើយ ហើយយើងត្រូវតែយកចិត្តទុកដាក់ និងត្រៀមខ្លួនឲ្យបានរួចជាស្រេច»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោកស្រី ឡាំប្រិច ខាងលើនេះធ្វើឡើង កំលុងពេលចុះសួរសុខទុក្ខកងទ័ពអាល្លឺម៉ង់ ដែលដាក់ពង្រាយនៅក្នុងប្រទេសលីទុយអានី៕