(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃសៅរ៍នេះបានប្រកាសថា ទាហានរុស្ស៊ីដែលកំពុងប្រយុទ្ធនៅក្នុងតំបន់ ម៉ាយកូលៀវ (Mykolaiv) គ្រីវយី រីហ៍ (Kryvyi Rih) និង ហ្សាប៉ូរ៉ិចហ្ស៉ីយ៉ា (Zaporizhzhia) ភាគខាងត្បូងអ៊ុយក្រែនអាចទទួលបានការផ្គត់ផ្គង់ទាំងអស់ ដែលពួកគេត្រូវការតាមរយៈច្រករបៀងផ្លូវគោក និងសមុទ្រ ដែលមានស្រាប់ បន្ទាប់ពីស្ពានតភ្ជាប់ពីប្រទេសរុស្ស៊ី ទៅកាន់តំបន់គ្រីមៀត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរដោយការបំផ្ទុះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៨ ខែតុលា ឆ្នាំ២០២២។
ការផ្ទុះមួយបានកើតឡើង នៅថ្ងៃសៅរ៍នេះ លើស្ពានដែលមានទាំងផ្លូវថ្នល់និងផ្លូវដែក ដែលយុទ្ធជនរុស្ស៉ីប្រើសម្រាប់ឆ្លងកាត់ និងនាំយកការផ្គត់ផ្គង់សម្រាប់យោធា ឆ្លងកាត់តំបន់គ្រីមៀទៅកាន់ផ្នែកផ្សេងទៀតនៃភាគខាងត្បូងអ៊ុយក្រែន បណ្តាលឲ្យរងការខូចខាត។ ក្រោយពីមានហេតុការណ៍នេះ ក្រសួងការពារជាតិរុស្ស៉ី អះអាងថាកងកម្លាំងរបស់ខ្លួននៅតែទទួលបានការផ្គត់ផ្គងជាចាំបាច់ទាំងអស់។
គួរបញ្ជាក់ថា កន្លងមករុស្ស៉ីធ្លាប់បានអះអាងថា ស្ពានខាងលើគឺមានសុវត្ថិភាព បើទោះបីជាសង្រ្គាមផ្ទុះឡើងនៅអ៊ុយក្រែនក៏ដោយ ប៉ុន្តែបានព្រមានចាត់វិធានការសងសឹក ប្រសិនបើវារងការវាយប្រហារ៕