(ព្យុងយ៉ាង)៖ នៅថ្ងៃសៅរ៍នេះ កូរ៉េខាងជើងបានចេញមុខនិយាយការពារ សកម្មភាពធ្វើបាញ់សាកល្បងមីស៉ីលជាបន្តបន្ទាប់របស់ខ្លួនថា គឺជាស្វ័យការពារប្រឆាំងនឹងការគំរាមកំហែងដោយផ្ទាល់ ពីសំណាក់យោធារបស់សហរដ្ឋអាមេរិក ហើយការធ្វើតេស្តអាវុធទាំងអស់នោះ មិនបានប៉ះពាល់ដល់សុវត្ថិភាពនៃប្រទេសជិតខាង និងក្នុងតំបន់ឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៨ ខែតុលា ឆ្នាំ២០២២។

ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយសម្តីរបស់អ្នកនាំពាក្យរដ្ឋបាលអាកាសចរណ៍ស៉ីវិល នៃប្រទេសរបស់ខ្លួនដូច្នេះថា «ការធ្វើតេស្តមីស៉ីលរបស់យើង គឺជាចំណាត់ការស្វ័យការពារ ដែលមានលក្ខណៈធម្មតា និងត្រូវបានគ្រោងទុកជាមុន ក្រោលគោលដៅការពារសន្តិសុខរបស់ប្រទេសយើង ក៏ដូចជាសន្តិភាពក្នុងតំបន់ ពីការគំរាមកំហែងដោយផ្ទាល់ នៃយោធាអាមេរិក។ ការធ្វើតេស្តមីស៉ីលទាំងនេះ មិនបង្កការគំរាមកំហែង ឬប៉ះពាល់ដល់សុវត្ថិភាពនៃបណ្តាប្រទេសជិតខាង និងក្នុងតំបន់នោះឡើយ»

ទីភ្នាក់ងារព័ត៌មាន KCNA បានបន្ថែមថា ក្រសួងការពារជាតិកូរ៉េខាងជើង កំពុងតែតាមដានយ៉ាងដិតដល់ចំពោះ ការអភិវឌ្ឍស្ថានការណ៍បច្ចុប្បន្ន ដែលមើលទៅគួរឱ្យព្រួយបារម្ភខ្លាំង ពាក់ព័ន្ធនឹងការធ្វើសមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងត្បូង ដែលមានការចូលរួមរបស់នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក USS Ronald Reagan ថែមទៀត។

គួរបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់តេស្តមីស៉ីលសរុបចំនួន៦លើក ក្នុងរយៈពេល១២ថ្ងៃ គិតត្រឹមសប្តាហ៍នេះ ដោយក្នុងនោះរួមមានទាំង​ការបាញ់មីស៉ីលផ្លោងបាលីស្ទីគរយៈចម្ងាយមធ្យម ហោះរំលងពីលើប្រទេសជប៉ុនកាលពីថ្ងៃអង្គារ៕