(មូស្គូ)៖ នៅថ្ងៃសៅរ៍នេះ ទីក្រុងមូស្គូបានអះអាងថា គ្រោះអគ្គិភ័យយ៉ាងធំសម្បើមមួយ ដែលបណ្តាលមកពីការបំផ្ទុះរថយន្ត បានកើតឡើងនៅលើស្ពានដ៏សំខាន់មួយ ដែលតភ្ជាប់តំបន់គ្រីមៀទៅកាន់ប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៨ ខែតុលា ឆ្នាំ២០២២។
ស្ពានខាងលើដែលមានទាំងផ្លូវថ្នល់និងផ្លូវដែក ត្រូវបានសាងសង់ឡើងក្រោមការបញ្ជារបស់ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បន្ទាប់ពីរុស្ស៉ីបានក្រសោបយកតំបន់គ្រីមៀពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤។ ស្ពាននោះត្រូវបានសម្ពោធនៅឆ្នាំ២០១៨ និងដើរតួនាទីយ៉ាងសំខាន់ ជាមធ្យោបាយដឹកជញ្ជូនដើម្បីនាំបរិក្ខារយោធានិងសព្វាវុធ ទៅកាន់កងទ័ពរុស្ស៉ីដែលកំពុងធ្វើសង្រ្គាមនៅអ៊ុយក្រែន ជាពិសេសនៅតំបន់ភាគខាងត្បូង ក៏ជាការដឹកជញ្ជូនកងទ័ពពីរុស្ស៉ីទៅកាន់គ្រីមៀ។ ដោយលាតសន្ធឹងឆ្លងកាត់ច្រកសមុទ្រឃើជ (Kerch Strait) វាគឺជាស្ពានចម្លងតែមួយគត់ រវាងតំបន់គ្រីមៀនិងប្រទេសរុស្ស៉ី។
ប្រព័ន្ធផ្សព្វផ្សាយនៅរុស្ស៉ី ដោយផ្អែកលើប្រភពពីគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មរុស្ស៉ី បានរាយការណ៍ថា «កាលពីវេលាម៉ោង ៦៖០៧នាទីព្រឹកថ្ងៃសៅរ៍នេះ នៅផ្នែកខាងផ្លូវនៃស្ពានគ្រីមៀ រថយន្តមួយត្រូវបានបំផ្ទុះឡើង ហើយក៏បង្កឱ្យស៉ីទែនស្តុកប្រេងសាំងចំនួន៧ ដែលកំពុងដឹកតាមផ្នែកផ្លូវដែកនៃស្ពាននោះ ឆាបឆេះយ៉ាងសន្ធោសន្ធៅ»។ អ្នកនាំពាក្យវិមានក្រឹមឡាំង បានប្រកាសថា លោក ពូទីន បានចេញបញ្ជាឱ្យមានការបង្កើតគណៈកម្មការពិសេស ដើម្បីបើកការស៉ើបអង្កេតលើករណីនេះ ប៉ុន្តែមិនបានទម្លាក់កំហុសទៅលើ អ៊ុយក្រែនភ្លាមៗឡើយ។
គួរបញ្ជាក់ថា កន្លងមករុស្ស៉ីធ្លាប់បានអះអាងថា ស្ពានខាងលើគឺមានសុវត្ថិភាព បើទោះបីជាសង្រ្គាមផ្ទុះឡើងនៅអ៊ុយក្រែនក៏ដោយ ប៉ុន្តែបានព្រមានចាត់វិធានការសងសឹក ប្រសិនបើវារងការវាយប្រហារ។ ប្រសិនបើទីក្រុងកៀវពិតជានៅពីក្រោយករណីអគ្គិភ័យ លើស្ពានគ្រីមៀមែននោះ វានឹងជាក្តីបារម្ភធ្ងន់ធ្ងរមួយសម្រាប់ទីក្រុងមូស្គូ ដ្បិតស្ពាននោះស្ថិតនៅឆ្ងាយពីសមរភូមិជួរមុខ។ ដោយឡែក ក៏ធ្លាប់មានករណីផ្ទុះមួយចំនួន កើតមានឡើងនៅតាម មូលដ្ឋានយោធារបស់រុស្ស៉ី លើឧបទ្វីបគ្រីមៀផងដែរ៕