(រ៉ូម)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ បុរីវ៉ាទីកង់បានរំលឹកកូរ៉េខាងជើងសាជាថ្មីថា សម្តេចប៉ាប ហ្រ្វង់ស៉ីស នឹងយាងទៅបំពេញទស្សនកិច្ចនៅទីនោះ ដើម្បីជួយដល់បុព្វហេតុសុខសន្តិភាពនៅឧបទ្វីបកូរ៉េ ប្រសិនបើទីក្រុងព្យុងយ៉ាងអញ្ជើញសម្តេចជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៨ ខែតុលា ឆ្នាំ២០២២។

រដ្ឋមន្រ្តីការបរទេសនៃបុរីវ៉ាទីកង់បានឱ្យដឹងថា សម្តេចប៉ាប ហ្រ្វង់ស៉ីស រក្សាទុកចំណាប់អារម្មណ៍ និងក្តីស្រឡាញ់ពិសេសសម្រាប់​ប្រជាជនកូរ៉េ។ ការចង់យាងទៅទស្សនកិច្ចនៅកូរ៉េខាងជើង គឺត្រូវបានមនុស្សគ្រប់គ្នាដឹងយ៉ាងច្បាស់។ ដូច្នេះប្រសិនបើសម្តេចទទួលបានការអញ្ជើញជាផ្លូវការ ពីអាជ្ញាធរទីក្រុងព្យុងយ៉ាង នោះសម្តេចនឹងយាងទៅមិនខានឡើយ។

ទស្សនកិច្ចនោះបើកើតឡើងពិតមែន នឹងជាដំណើរទស្សនកិច្ចដំបូងបំផុត ដោយសម្តេចសង្ឃកាតូលិក ទៅកាន់រដ្ឋឯកោកូរ៉េខាងជើង។ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន ដែលជាសាសនិគ្រិស្តកាតូលិក ក៏ធ្លាប់បានទទូចឱ្យសម្តេចប៉ាប ហ្រ្វង់ស៉ីស យាងទៅ​ទស្សនកិច្ចនៅកូរ៉េខាងជើងដែរ ដោយលោកនិយាយថា ដំណើរទស្សនកិច្ចរបស់សម្តេចប៉ាប ទៅកាន់ទីក្រុងព្យុងយ៉ាង នឹងអាចជួយដល់​កិច្ចប្រឹងប្រែងកសាងសន្តិភាពនៅលើឧបទ្វីបកូរ៉េ។

គួរបញ្ជាក់ថា សម្តេចប៉ាប ហ្រ្វង់ស៉ីស ធ្លាប់យាងទៅទស្សនកិច្ចនៅកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៤ ហើយក្រុមមន្រ្តីនៃបុរីវ៉ាទីកង់ធ្លាប់បាន​និយាយថា ដំណើរទស្សនកិច្ចណាមួយ ដោយសម្តេចប៉ាប ទៅកាន់កូរ៉េខាងជើង ក៏នឹងរួមមានការចូលទស្សនកិច្ចនៅកូរ៉េខាងត្បូងផងដែរ ដើម្បីរំលេចពីការគាំទ្ររបស់សម្តេច ចំពោះការបង្រួបបង្រួមឧបទ្វីបកូរ៉េ៕