(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានប្រកាសថា លោកនឹងបង្កើនការផ្គត់ផ្គង់សព្វាវុធ ដល់អ៊ុយក្រែន ក្នុងគ្រាដែលមានការរិះគន់ថា ទីក្រុងប៉ារីសមិនបានប្រឹងប្រែងគ្រប់គ្រាន់ ក្នុងការជួយទីក្រុងកៀវទប់ទល់សង្រ្គាមឈ្លានពានរបស់រុស្ស៉ី ដែលបានចាប់ផ្តើមកាលពី៨ខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៨ ខែតុលា ឆ្នាំ២០២២។

ការប្តេជ្ញាខាងលើត្រូវបានធ្វើឡើងក្នុងសប្តាហ៍នេះ នៅទីក្រុងប្រាកនៃប្រទេសឆែក ស្របពេលដែលលោក ម៉ាក្រុង ចូលរួមកិច្ចប្រជុំកំពូល ដែលមានវត្តមានមេដឹកនាំប្រទេសសរុបចំនួន៤៤ ខណៈវាគឺជាកិច្ចប្រជុំកំពូលលើកដំបូងបង្អស់ នៃសហគមន៍នយោបាយអឺរ៉ុប ដែលលោកប្រធានាធិបតីបារាំងផ្ទាល់ បានផ្តួចផ្តើមឡើងកាលពីខែឧសភា ឆ្នាំ២០២២នេះ។ ក្រុមមេដឹកនាំដែលបានចូលរួមកិច្ចប្រជុំកំពូលនោះ បានពិភាក្សាគ្នាអំពីមធ្យោបាយឆ្ពោះទៅមុខ ដើម្បីផ្តល់ការគាំទ្រដល់ទីក្រុងកៀវ ក្នុងគោលជំហររួបរួមគ្នាមួយ។

ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្រុមអ្នកការទូតជាច្រើន បាននាំគ្នារិះគន់លើលោក ម៉ាក្រុង សម្រាប់អ្វីដែលពួកគេហៅថា ភាពខ្វះខាត​នៃជំនួយយោធាពីសំណាក់ប្រទេសបារាំង សម្រាប់អ៊ុយក្រែនចំពោះមុខសង្រ្គាមជាមួយរុស្ស៉ី។ ទិន្នន័យសាធារណៈបានបង្ហាញឱ្យឃើញថា មកទល់ពេលនេះ ទីក្រុងប៉ារីសបានចូលរួមចំណែកត្រឹមតែ ២ភាគរយប៉ុណ្ណោះ នៃជំនួយយោធាដែលត្រូវបានផ្តល់ឱ្យទីក្រុងកៀវ។ ចំណែក​សហរដ្ឋអាមេរិកវិញបានចូលរួមចំណែកដល់ទៅ ៤៩ភាគរយ, ប៉ូឡូញចូលរួម ២២ភាគរយ និងអាល្លឺម៉ង់ចូលរួម៩ភាគរយ។

គួរបញ្ជាក់ថា យ៉ាងណាក្តី បើតាមក្រុមអ្នកស្រាវជ្រាវផ្នែកយោធា គឺមានការពិតខ្លះៗនៅក្នុងរិះគន់អំពីភាពខ្វះខាត នៃការគាំទ្ររបស់​បារាំងចំពោះអ៊ុយក្រែន ប៉ុន្តែជាក់ស្តែងគឺ ទីក្រុងប៉ារីសមិនបានបញ្ចេញព័ត៌មានជាសាធារណៈ អំពីអ្វីគ្រប់យ៉ាងដែលខ្លួនបានផ្តល់ទៅឱ្យ​អ៊ុយក្រែននោះឡើយ៕