(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានចុះហត្ថលេខាលើក្រឹត្យមួយទទួលស្គាល់ កោះមួយចំនួននៅភាគខាងត្បូងនៃទីប្រជុំកោះ «គូរីល (Kuril Islands)» ដែលមានបញ្ហាវិវាទ ជាកម្មសិទ្ធិរបស់ប្រទេសជប៉ុន ខណៈបច្ចុប្បន្នទីប្រជុំកោះនេះទាំងមូល គឺស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃសៅរ៍ ទី៨ ខែតុលា ឆ្នាំ២០២២។

ក្រឹត្យរបស់លោក ហ្សេលេនស្គី ទទួលស្គាល់កោះ អ៉ីទូរូប (Iturup), គូណាសៀ (Kunashir), ស៉ីកូតាន (Shikotan), និងហាបូម៉ៃ (Habomai) ជារបស់ជប៉ុន។ ខណៈទីប្រជុំកោះគូរីលទាំងស្រុង បានស្ថិតក្រោមការកាន់កាប់របស់រុស្ស៉ី ចាប់តាំងពីចុងបញ្ចប់នៃសង្រ្គាមលោកលើកទី២ មកក៏ដោយ ជប៉ុនបានទាមទារថា កោះចំនួន៤ខាងលើ គឺជាកម្មសិទ្ធិរបស់ខ្លួន ដោយហៅពួកវាថា ជាដែនដីភាគខាងជើង។

ការចុះហត្ថលេខាលើក្រឹត្យខាងលើ ត្រូវគេមើលឃើញថា ទំនងជាការឆ្លើយតបរបស់លោក ហ្សេលេនស្គី ចំពោះការចុះហត្ថលេខារបស់​ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃពុធសប្តាហ៍នេះ ក្នុងការកាត់បញ្ចូលជាផ្លូវការនូវតំបន់ចំនួន៤របស់អ៊ុយក្រែន ទៅក្នុង​ផ្នែកនៃសហព័ន្ធរុស្ស៉ី។

គួរបញ្ជាក់ថា សម្រាប់ជប៉ុនវិញ គឺទីក្រុងតូក្យូបានថ្កោលទោស ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ហើយថែមទាំងបានចូលរួមជាមួយ​ក្រុមលោកខាងលិច ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងមូស្គូទៀតផង។ ជប៉ុននិងរុស្ស៉ីមិនបានបង្កើតសន្ធិសញ្ញាបញ្ចប់សង្រ្គាមលោក ជាផ្លូវការជាមួយគ្នាឡើយ ដោយសារតែបញ្ហាវិវាទជុំវិញទីប្រជុំកោះគូរីល៕