(សេអ៊ូល)៖ ទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូងបានឱ្យដឹងថា បាតុភូតរញ្ជួយដីកម្រិតតូចមួយ ដែលបានកើតឡើងកាលពីយប់រំលងអធ្រាត្រ ថ្ងៃសៅរ៍នេះ នៅក្បែរមូលដ្ឋានធ្វើតេស្តអាវុធនុយក្លេអ៊ែរបស់ប្រទេសកូរ៉េខាងជើង គឺទំនងជារញ្ជួយដីបង្កដោយកត្តាធម្មជាតិប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៨ ខែតុលា ឆ្នាំ២០២២។
រដ្ឋបាលឧតុនិយមកូរ៉េរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា រញ្ជួយដីមួយមានកម្រិត២.៥រ៉ិចទ័រ បានកើតឡើងនៅទីតាំងមួយកន្លែង ស្ថិតនៅភាគឦសាននៃមូលដ្ឋាន ភូងហ្គីរី (Punggye-ri) ដែលកូរ៉េខាងជើងតែងប្រើសម្រាប់ ការសាកល្បងបំផ្ទុះអាវុធនុយក្លេអ៊ែររបស់ខ្លួន។ ទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូង បានវាយតម្លៃថា វាគឺជារញ្ជួយដីកើតឡើងដោយធម្មជាតិ ជាជាងដោយសារការធ្វើតេស្តបំផ្ទុះនុយក្លេអ៊ែរ ហើយមានជម្រៅ២៣គីឡូម៉ែត្រក្រោមផ្ទៃដី។
នៅទីតាំងខាងលើ ក៏ធ្លាប់ត្រូវបានកត់ត្រាអំពីបាតុភូតរញ្ជួយដីតូចៗជាច្រើនទៀតផងដែរ នៅក្នុងឆ្នាំនេះ ដែលក្រុមអ្នកវិភាគបានអះអាងថា គឺបណ្តាលមកពីអស្ថិរភាពនៃភូគព្ភសាស្ដ្រ ដោយសារតែសកម្មភាពនៅកន្លែងធ្វើតេស្តអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។ យ៉ាងណាមិញ ទីក្រុងព្យុងយ៉ាង ត្រូវទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៉ីនតោនជឿជាក់ថា បានត្រៀមលក្ខណៈរូចរាល់អស់ហើយ សម្រាប់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរជាលើកទី៧ នៅមូលដ្ឋាន ភូងហ្គីរី ដែលនឹងជាលើកដំបូងបំផុត គិតចាប់ពីឆ្នាំ២០១៧មក។
គួរបញ្ជាក់ថា បើតាមការសន្និដ្ឋានរបស់ក្រុមសមាជិកសភាកូរ៉េខាងត្បូង កាលពីសប្តាហ៍មុន ដែលផ្អែកលើប្រភពស៉ើបការណ៍សម្ងាត់នៃប្រទេសរបស់ខ្លួន ចន្លោះពេលវេលាដែលកូរ៉េខាងជើងអាចនឹងសាកល្បងអាវុធនុយក្លេអ៊ែរ គឺរវាងថ្ងៃទី១៦ ខែតុលានេះ រហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា។ យ៉ាងណាមិញ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង បាននិយាយថា វាជារឿងលំបាកណាស់ក្នុងការប៉ាន់ស្មាន៕