(កូឡុំបូ)៖ ក្រុមសិទ្ធិមនុស្សដែលបានដាក់សំណុំរឿងប្រឆាំងអតីតប្រធានាធិបតីស្រីលង្ការ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា តុលាការកំពូលរបស់ប្រទេសនេះបានផ្តល់ការអនុញ្ញាត សម្រាប់ដំណើរការនីតិវិធីប្រឆាំងនឹងអតីតប្រធានាធិបតី លោក Gotabaya Rajapaksa។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០២២។
ប្រភពដដែលនេះបានបន្ថែមទៀតថា តុលាការកំពូលស្រីលង្ការក៏បានយល់ព្រមអនុញ្ញាត ឱ្យដំណើរការនីតិវិធីប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ លោក Mahinda Rajapaksa អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអតីតអភិបាលធនាគារកណ្តាលពីររូបផងដែរ។
សំណុំរឿងនេះដាក់ដោយអង្គការសិទ្ធិមនុស្សតម្លាភាពអន្តរជាតិ បានអំពាវនាវឲ្យមានការទទួលខុសត្រូវ ចំពោះការដឹកនាំរបស់ប្រទេសកោះនេះ ចំពោះវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាង ៧ ទសវត្សរ៍៕