(អូស្លូ)៖ សកម្មជនបេឡារុសម្នាក់ ដែលជាប់ពន្ធនាគារគឺលោក អាឡេស ប៉្យាលីយ៉ាតស្គី (Ales Byalyatski) ព្រមទាំងអង្គការសង្គមស៉ីវិល Memorial នៅរុស្ស៉ី និងមជ្ឈមណ្ឌល Center for Civil Liberties នៅអ៊ុយក្រែន បានឈ្នះរួមគ្នានូវពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២២ នាថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២។
លោកស្រី បឺរីត រេអ៉ីស-អាន់ដឺសិន (Berit Reiss-Andersen) ប្រធានគណៈកម្មាធិការណូបែលន័រវែស ដែលទទួលបន្ទុកជ្រើសរើស ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព ជារៀងរាល់ឆ្នាំ បានប្រកាសយ៉ាងដូច្នេះថា «គណៈកម្មាធិការណូបែលន័រវែស សូមផ្តល់ការគោរពដល់ ជើងឯកដ៏ចំណានទាំង៣ នៃបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការរួមរស់ដោយសន្តិភាព នៅក្នុងប្រទេសជិតខាងគ្នាទាំង៣ គឺបេឡារុស រុស្ស៉ី និងអ៊ុយក្រែន»។ នាឱកាសនោះ លោកស្រី រេអីស-អាន់ដឺសិន ក៏បានអំពាវនាវឱ្យមានការដោះលែងលោក ប៉្យាលីយ៉ាតស្គី ផងដែរ។
គួរបញ្ជាក់ថា ការប្រគល់ពានរង្វាន់ណូបែលសន្តិភាព ដែលមានតម្លៃ ១០លានលុយក្រោនស៊ុយអែត ឬប្រហែលស្មើនឹង ៩០០,០០០ដុល្លារអាមេរិក នឹងត្រូវធ្វើឡើងនៅទីក្រុងអូស្លូ នាថ្ងៃទី១០ ខែធ្នូ ដែលជាខួបនៃមរណភាពរបស់ឧស្សាហករជនជាតិស៊ុយអែត លោក អាល់ហ្រ្វេត ណូបែល (Alfred Nobel) ដែលជាអ្នកផ្តួចផ្តើមបង្កើតកម្មវិធីពានរង្វាន់ណូបែលឡើង តាមរយៈពាក្យបណ្តាំរបស់លោក កាលពីឆ្នាំ១៨៩៥៕