(រ៉ង់ហ្គោន)៖ ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ UNICEF បាននិយាយថា មនុស្សជាងមួយលាននាក់ហើយ បានភៀសខ្លួនក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០២២។
ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ បានស្ថិតក្នុងភាពចលាចលចាប់តាំងពីយោធាបានទម្លាក់រដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី កាលពីឆ្នាំមុន ដែលបង្កឱ្យមានការតស៊ូប្រដាប់អាវុធយ៉ាងទូលំទូលាយ។
របបយោធាបានឆ្លើយតបជាមួយនឹងការបង្រ្កាបមួយ ដែលក្រុមសិទ្ធិមនុស្សនិយាយថា មានទាំងការបំផ្លាញភូមិ ការសម្លាប់ក្រៅប្រព័ន្ធតុលាការ និងការវាយប្រហារតាមអាកាសលើជនស៊ីវិលទៀតផង។
អង្គការ UNICEF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ចាប់តាំងពីរដ្ឋប្រហារ ដោយគិតត្រឹមខែមុន មានមនុស្សចំនួន ១,០១៧,០០០នាក់ បានផ្លាស់ទីលំនៅពីខាងក្នុងប្រទេស។
ទីភ្នាក់ងារនេះបានបន្ថែមថា ជាងពាក់កណ្តាលនៃអ្នកដែលត្រូវបានបង្ខំឱ្យភៀសខ្លួន គឺស្ថិតនៅក្នុងតំបន់ Sagaing ភាគពាយ័ព្យរបស់ប្រទេស ដែលបានឃើញការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបំផុត៕