(ណៃពិដោ)៖ អង្គការយូនីសេហ្វ (UNICEF) របស់អង្គការសហប្រជាជាតិ (UN) បានរាយការណ៍ថា ចាប់ពីរដ្ឋប្រហារយោធា បានផ្ទុះឡើងកាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ពេលនេះ គឺមនុស្សកើនលើស១លាននាក់ហើយ ដែលត្រូវខ្ចាត់ព្រាត់ពីផ្ទះសម្បែងរបស់ពួកគេ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២។
ក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អង្គការយូនីសេហ្វ បានអះអាងថា ចាប់តាំងពីកើតមានរដ្ឋប្រហារយោធាមក រហូតដល់ត្រឹមដំណាច់ខែកញ្ញា ឆ្នាំនេះ មនុស្សសរុប១,០១៧,០០០នាក់ បានព្រាត់ប្រាសពីលំនៅឋាន នៅក្នុងប្រទេសមីយ៉ាន់ម៉ាផ្ទាល់។ សេចក្តីថ្លែងការណ៍ដដែលបានបន្តថា ជាងពាក់កណ្តាលនៃប្រជាជនទាំងនោះ គឺស្ថិតនៅតំបន់សាហ្កែង (Sagaing) ភាគពាយព្យនៃផ្ទៃប្រទេស ជាទីដែលគេបានសង្កេតឃើញមានការប្រយុទ្ធគ្នាខ្លាំង។
គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបានធ្លាក់ក្នុងស្ថានភាពវឹកវរ ចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាលស៉ីវិល របស់លោកស្រី អោងសាន ស៊ូជី ហើយបង្កឱ្យមានចលនាតស៊ូប្រដាប់អាវុធ នៅពាសពេញប្រទេស។ កាលពីខែមុន ក្មេងៗសិស្សសាលាយ៉ាងហោច១១នាក់ បានបាត់បង់ជីវិត ក្នុងការវាយប្រហារតាមផ្លូវអាកាស ទៅលើភូមិមួយកន្លែងក្នុងតំបន់សាហ្កែង ខណៈរបបយោធាអះអាងថា វាជាប្រតិបត្តិការមានគោលដៅលើក្រុមឧទ្ទាម ដែលសំងំលាក់ខ្លួនក្នុងតំបន់នោះ៕