(ប៉េកាំង)៖ ថ្ងៃទី៦ ខែតុលា អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីករណី ដែលភាគីចិនបរាជ័យសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តស្តីពីតំបន់ស៊ីនជាំង ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអ.ស.ប.។

អ្នកនាំពាក្យបានលើកឡើងថា មួយរយៈកាលកន្លងមក អាមេរិកនិងប្រទេសលោកខាងលិចមួយចំនួន បានបង្កើតពាក្យចចាមអារ៉ាមម្ដងហើយម្ដងទៀត ក្រោមលេសបញ្ហាស៊ីនជាំង ប៉ុនប៉ងប្រើអង្គការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ មកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ចិន។ ភ្នែករបស់សហគមន៍អន្តរជាតិគឺភ្លឺច្បាស់ណាស់។ ទោះបីជាអាមេរិកនិងប្រទេសលោកខាងលិចមួយចំនួន បានដាក់សម្ពាធទៅលើរដ្ឋសមាជិកផ្សេងទៀតយ៉ាងពេញទំហឹងក្តី ប៉ុន្តែសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តនេះ នៅតែរងការប្រឆាំងយ៉ាងខ្លាំងពីសំណាក់សមាជិកភាគច្រើន នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ជាពិសេសសមាជិកប្រទេសកំពុងអភិវឌ្ឍន៍ដ៏ច្រើនកុះករ។

អ្នកនាំពាក្យបានបន្តថា បញ្ហាស៊ីនជាំងជាប់ពាក់ព័ន្ធនឹងការប្រឆាំងភេវកម្មដោយអំពើហិង្សា ការលុបបំបាត់ភាពជ្រុលនិយម និងការប្រឆាំងនឹងអបគមន៍។ សហគមន៍អន្តរជាតិស្អប់ខ្ពើមយ៉ាងខ្លាំងចំពោះ កលលិ្បចដ៏អាក្រក់របស់ប្រទេសលោកខាងលិច ដូចអាមេរិកជាដើមដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ក្រោមលេសសិទ្ធិមនុស្ស។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចំនួនជិត ១០០ ក្នុងនោះបូករួមទាំងប្រទេសអ៊ីស្លាមផង បានថ្លែងមតិដោយចំហ ដើម្បីគាំទ្រជំហរដ៏ត្រឹមត្រូវរបស់ចិន ក្នុងបញ្ហាស៊ីនជាំង ប្រឆាំងនឹងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ក្រោមលេសបញ្ហាស៊ីនជាំង។ ការពិតបានបង្ហាញម្តងហើយម្តងទៀតថា ទង្វើដែលធ្វើឱ្យបញ្ហាសិទ្ធិមនុស្សទៅជាបញ្ហានយោបាយ ព្រមទាំងប្រើស្តង់ដាពីរគឺមិនត្រូវបានគេគាំទ្រនោះទេ។

អ្នកនាំពាក្យបានថ្លែងទៀតថា អ្វីដែលក្រុមប្រឹក្សាសិទ្ធិមនុស្សត្រូវយកចិត្តទុកដាក់ និងពិភាក្សាបំផុតនោះគឺ បញ្ហារំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ នៅអាមេរិក អង់គ្លេសនិងប្រទេសលោកខាងលិចផ្សេងទៀត ដែលក្នុងនោះបូករួមទាំងពូជសាសន៍និយម ការប្រើវិធានការបង្ខិតបង្ខំដោយឯកតោភាគីតែផ្តេសតែផ្តាស ការបណ្តាលឱ្យប្រជាជនឥតទោសពៃរ៍ដ៏ច្រើនសន្ធឹក ស្លាប់និងរងរបួសដោយសារប្រតិបត្តិការយោធា នៅឯក្រៅប្រទេសជាដើម ដើម្បីស្វែងរកយុត្តិធម៌ឱ្យជនរងគ្រោះ និងបកសា្រយឱ្យច្បាស់លាស់ចំពោះសហគមន៍អន្តរជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន