(កៀវ)៖ រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក អូឡិចស៉ី រេហ្សនីកូវ (Oleksiy Reznikov) នៅថ្ងៃសុក្រនេះ បានអំពាវនាវដល់ កងទ័ពរុស្ស៉ីឱ្យទម្លាក់អាវុធរបស់ខ្លួនចុះ ជាមួយការសន្យាផ្តល់ឱ្យពួកគេ នូវអាយុជីវិតនិងសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២។
តាមរយៈវីដេអូមួយសំដៅទៅកាន់កងកម្លាំងរុស្ស៉ី ដែលកំពុងបន្តការត្រួតត្រាលើទឹកដីរបស់អ៊ុយក្រែន លោក រេហ្សនីកូវ បាននិយាយថា «អ្នកនៅអាចជួយសង្រ្គោះរុស្ស៉ីពីសោកនាដកម្ម និងកងទ័ពរុស្ស៉ីទាំងមូលពីការភាពអាម៉ាស់បាន។ យើងធានានូវអាយុជីវិត សុវត្ថិភាព និងយុត្តិធម៌ សម្រាប់អ្នកទាំងឡាយណា ដែលយល់ព្រមទម្លាក់អាវុធចុះ ហើយទន្ទឹមគ្នាយើងក៏ធានាដែរថា អ្នកដែលចេញបញ្ជាឱ្យប្រព្រឹត្តបទឧក្រិដ្ឋ នឹងត្រូវទទួលទោសនៅតុលាការ។ អ្នកទាំងអស់គ្នាត្រូវបានកុហកបោកប្រាស់និងក្បត់ ដោយវិមានក្រឹមឡាំង»។
លោកប្រមុខការពារជាតិអ៊ុយក្រែនបានបន្តថា «វាជារឿងងាយស្រួលទេ សម្រាប់ឱ្យពួកគេនិយាយប្រាប់អ្នកថា បើពួកអ្នកស្លាប់ គឺស្លាប់ដោយអង់អាច ក្នុងសង្រ្គាមប្រឆាំងនឹងសត្រូវស្រមើស្រមៃ NATO។ ជាការពិតដែលក្រុមប្រទេស NATO បានជួយផ្គត់ផ្គង់សព្វាវុធដល់យើង ប៉ុន្តែទាហានអ៊ុយក្រែនទេ ដែលកំពុងយកឈ្នះលើពួកអ្នក ដោយប្រើអាវុធទាំងនោះ»។ លោក រេហ្សនីកូវ បានសង្កត់ធ្ងន់ថា «កងទ័ពអ៊ុយក្រែនមិនត្រូវការដីរបស់រុស្ស៉ីទេ គឺយើងមានគ្រប់គ្រាន់សម្រាប់ខ្លួនឯងហើយ ដូច្នេះពួកយើងនឹងយកទឹកដីដែលបាត់បង់មកវិញទាំងអស់»។
គួរបញ្ជាក់ថា កងកម្លាំងអ៊ុយក្រែន បាននិងកំពុងបន្តដឹកនាំយុទ្ធនាការវាយបករបស់ខ្លួន នៅភាគខាងកើតនិងភាគខាងត្បូងប្រទេស ចាប់តាំងពីដើមខែកញ្ញាមក៕