(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើ ពាណិជ្ជករមីយ៉ាន់ម៉ាមួយក្រុម ព្រមទាំងក្រុមហ៊ុនរបស់ពួកគេ ក្រោមការចោទប្រកាន់ថា បានផ្គត់ផ្គង់អាវុធផលិតដោយរុស្ស៉ីទៅឱ្យរបបយោធា ដែលបានដណ្តើមអំណាចនៅក្នុងប្រទេសមីយ៉ាន់ម៉ា តាមរយៈរដ្ឋប្រហារកាលពីឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២។
បុគ្គលឈ្មោះ អោង ម៉ូយីន (Aung Moe Myint) និងឈ្មោះ ឡាំង ម៉ូយីន (Hlaing Moe Myint) ដែលជាម្ចាស់ក្រុមហ៊ុន ឌីណាស្ទី អ៉ីនធើណាសិនណាល់ (Dynasty International) រួមជាមួយឈ្មោះ យ៉ូ ធីតសា (Myo Thitsar) ដែលជាអគ្គនាយកក្រុមហ៊ុននោះ ត្រូវបានកត់ឈ្មោះចូលបញ្ជីខ្មៅទណ្ឌកម្ម របស់សហរដ្ឋអាមេរិក សម្រាប់ការទិញសព្វាវុធនិងយន្តហោះ នៅក្នុងប្រទេសបេឡារុស ឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។
ក្រសួងហិរញ្ញវត្ថុអាមេរិក បានប្រកាសពីដំណឹងនៃការដាក់ទណ្ឌកម្មខាងលើ ក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) បាននិយាយថា ទណ្ឌកម្មថ្មីចុងក្រោយនេះ មានគោលដៅទៅលើទំនាក់ទំនង របស់របបសឹកមីយ៉ាន់ម៉ា ជាមួយរុស្ស៉ីនិងបេឡារុស។
លោកប្រមុខការទូតអាមេរិកបានលើកឡើងដូច្នេះថា «យើងនឹងបន្តប្រើប្រាស់អំណាចទណ្ឌកម្មរបស់យើង ដើម្បីដាក់គោលដៅលើ ជនទាំងឡាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាកន្លែងដទៃទៀត ដែលគាំទ្រការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន និងការជួយជ្រោមជ្រែង របស់រុស្ស៉ីនិងបេឡារុស ចំពោះអំពើហិង្សារបស់របបយោធាមីយ៉ាន់ម៉ា ប្រឆាំងនឹងប្រជាជនខ្លួន»។
គួរបញ្ជាក់ថា ទន្ទឹមគ្នានេះ ក្រសួងការបរទេសអាមេរិក ក៏បានដាក់ទណ្ឌកម្មលើបុគ្គលឈ្មោះ ថាន់ ឡាំង (Than Hlaing) ដែលជាអតីតមេប៉ូលិស និងជាអនុរដ្ឋមន្រ្តីមហាផ្ទៃមីយ៉ាន់ម៉ាផងដែរ ជុំវិញការចោទប្រកាន់ថា លោកមានជាប់ពាក់ព័ន្ធក្នុងសកម្មភាពសម្លាប់ បាតុករក្រៅប្រព័ន្ធតុលាការ កំលុងបាតុកម្មដែលផ្ទុះឡើង ក្រោយរដ្ឋប្រហារយោធា៕