(មូស្គូ)៖ វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍ (ទី៦ ខែតុលា) នេះបានបដិសេធរបាយការណ៍ដែលថា ជនជាតិរុស្សី ៧០ម៉ឺននាក់បានភៀសខ្លួនចេញពីប្រទេសនេះ ចាប់តាំងពីទីក្រុងមូស្គូ បានប្រកាសពីការកែនទ័ពបម្រុងដើម្បីប្រយុទ្ធនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោកមិនមានតួលេខពិតប្រាកដសម្រាប់ចំនួនមនុស្សដែលបានចាកចេញពីប្រទេស ចាប់តាំងពីការប្រកាសរបស់ប្រធានាធិបតី Vladimir Putin អំពី «ការកែនទ័ពដោយផ្នែក» នៅថ្ងៃទី២១ ខែកញ្ញានោះទេ។ ប៉ុន្តែលោកបានបដិសេធចំពោះតួលេខដែលថា មានចំនួន៧០០,០០០នាក់នោះ។
អ្នកនាំពាក្យរូបនេះបានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំមិនមានតួលេខច្បាស់លាស់ទេ ប៉ុន្តែប្រាកដណាស់ វានៅឆ្ងាយពីអ្វីដែលត្រូវបានគេអះអាងទាំងនោះ»។
គួរបញ្ជាក់ថា ជនជាតិរុស្សីរាប់ម៉ឺននាក់ ដែលភាគច្រើនជាបុរសវ័យយោធា បានភៀសខ្លួនចេញពីប្រទេសក្នុងគោលបំណងជៀសវាង ការត្រូវបានកោះហៅឱ្យទៅបម្រើការជាកងទ័ព ដើម្បីប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន។ ប្រទេសកាហ្សាក់ស្ថាន ហ្សកហ្ស៊ី និងម៉ុងហ្គោលី ដែលទាំងអស់ដែលមានព្រំប្រទល់ដីជាមួយរុស្ស៊ី សុទ្ធតែបានរាយការណ៍ពីការកើនឡើងនៃចំនួនអ្នកឆ្លងព្រំដែន បន្ទាប់ពីការប្រកាសរបស់ លោក ពូទីន៕