(សេអ៊ូល)៖ ការបាញ់មីស៊ីលរបស់កូរេខាងជើងជាបន្តបន្ទាប់ បានធ្វើឱ្យស្ថានការណ៍តានតឹងក្នុងតំបន់កាន់តែកើនឡើង ខណៈដែលពិភពលោកកំពុងតែបារម្ភអំពីករណី សង្គ្រាមនុយក្លេអ៊ែរ។ កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចូលទៅក្នុងសមុទ្រ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ដែលការបាញ់សាកល្បងនេះ បានធ្វើឱ្យស្ថានការណ៍តានតឹងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកកាន់តែកើនឡើងថែមទៀត។
នេះជាការបាញ់លើកទី៦ហើយ ក្នុងរយៈពេលរវាងតែ ១២ថ្ងៃ។ ការបាញ់នៅថ្ងៃព្រហស្បតិ៍ ក្នុងទិសដៅឆ្ពោះទៅរកប្រទេសជប៉ុននេះ គឺជាការបាញ់សាកល្បងលើកទី២ហើយ ដែលការបាញ់លើកទី១ កាលពីថ្ងៃអង្គារ៍ ទី៤ ខែតុលាកន្លងមក បានធ្វើរំលងទឹកដីនៃប្រទេសជប៉ុនដែលបានបង្កការខឹងសម្បារជាអន្តរជាតិ។ ខណៈដែលការថ្កោលទោសនៃ ការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ ៤,៦០០គីឡូម៉ែត្រ នៅមិនទាន់បានស្ងប់នៅឡើយនោះ, ការបាញ់មីស៊ីលជាលើកទី២ ក្នុងទិសដៅឆ្ពោះទៅរកប្រទេសជប៉ុនជាដដែល បានកើតឡើងជាបន្ថែម។
រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Yasukazu Hamada បានថ្លែងថា «កូរេខាងជើងបានធ្វើការបាញ់ម្តងហើយម្តងទៀតក្នុងឆ្នាំនេះ។ លោកថាក្នុងរយៈពេលតែប៉ុន្មានថ្ងៃ មកនេះ កូរេខាងជើងបានបាញ់មិស៊ីលបាលិស្ទីកបន្តបន្ទាប់ជាប់គ្នា។ លោកថាគិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២២ កូរ៉េខាងជើងបានបាញ់ ៦ដងហើយដែលជាសកម្មភាព បង្កហេតុដោយផ្ទាល់ និងសកម្មភាពនេះ គឺជាការគំរាមកំហែងចំពោះសន្តិភាពនិងស្ថិរភាពដល់ប្រទេសជប៉ុន, ដល់តំបន់ និងដល់សហគមន៍អន្តរជាតិថែមទៀត។
រដ្ឋមន្ត្រីការពារជាតិជប៉ុនថ្លែងថាវាជាទង្វើដែលមិនអាចទទួលយកបានឡើយ។ ការបាញ់មីស៊ីលចម្ងាយខ្លី២គ្រាប់ទៀត នៅថ្ងៃព្រហស្បតិ៍ ក្នុងនោះគ្រាប់ទីមួយមានរយៈចម្ងាយ ៣៥០គីឡូម៉ែត្រ, ចំណែកគ្រាប់ទី២ មានចម្ងាយជាង៨០០គីឡូម៉ែត្រ បានធ្វើឡើងបន្ទាប់ពីនាវាដឹកយន្តហោះរបស់សហរដ្ឋអាមេរិក បានវិលត្រលប់ចូលទៅក្នុងតំបន់ ឧបទ្វីបកូរ៉េវិញ។ កូរ៉េខាងជើងចោទថាការបញ្ជួននាវាដឹកយន្តហោះអាមេរិកចូលមកក្នុងដែនតំបន់នៅឧបទ្វីបកូរ៉េ គឺជាទង្វើគំរាមកំហែងធ្ងន់ធ្ងរដល់ស្ថិរភាព នៃស្ថានការណ៍បច្ចុប្បន្ន។
ការបាញ់បន្ថែមគ្រាប់មីស៊ីលទាំង២នេះទៀត បានធ្វើឡើងតែប្រមាណមួយម៉ោង បន្ទាប់ពីកូរ៉េខាងជើងបានថ្កោលទោសសហរដ្ឋអាមេរិកនៅក្នុងក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ។ កូរេខាងជើងថ្លែងថា ការបាញ់មីស៊ីលរបស់ខ្លួននេះ គឺជាការឆ្លើយតបចំពោះការធ្វើសមយុទ្ធយោធារបស់ក្រុមប្រទេសសម្ព័ន្ធមិត្តនោះ។
ការបាញ់គ្រាប់មីស៊ីលរបស់កូរេខាងជើងក្នុងសប្តាហ៍នេះ បានធ្វើឡើងខណៈដែលពិភពលោកកំពុងតែចោលភ្នែកតាមដានស្ថានការណ៍សង្គ្រាមអ៊ុយក្រែន និងរុស្ស៊ីដែល គេបារម្ភថានឹងអាចមានការផ្ទុះនូវសង្គ្រាមនុយក្លេអ៊ែរ ក្រោយសម្តីព្រមានរបស់មេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។ ប៉ុន្តែភាពតានតឹងនាពេលនេះ មិនត្រឹមតែកើតមានក្នុង តំបន់អឺរ៉ុបខាងកើតប៉ុណ្ណោះទេ, ការខ្លាចផ្ទុះសង្គ្រាមថ្មីណាមួយក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកកំពុងតែមានក្តីបារម្ភថែមទៀត។
ក្នុងតំបន់អឺរ៉ុបខាងកើតនោះ ប៉ុន្តែទោះជាមានការបោះពាក្យសម្តីគម្រាមរបស់លោក ពូទីន ជាមួយនឹងសេចក្តីរាយការណ៍ខ្លះសង្ស័យអំពីការត្រៀមរៀបចំសកម្មភាពនុយក្លេអ៊ែរ នោះក្តី, ការវាយប្រហារក្នុងតំបន់ដែលរុស្ស៊ីបានធ្វើប្រជាមតិរួចមកហើយនោះ នៅតែបន្តជាដដែល។ ការវាយប្រហារក្រោយការធ្វើប្រជាមតិរបស់រុស្ស៊ីរួចមកនេះ មិនទាន់មាន ករណីប្រើប្រាស់អាវុធនុយក្លេអ៊ែរដូចអ្វីដែលមេដឹកនាំរុស្ស៊ីបានព្រមាននោះឡើយ។ កងកម្លាំងអ៊ុយក្រែន បានបន្តការវាយប្រហារចូលដណ្តើមទឹកដីភាគខាងកើតនិង ភាគខាងត្បូងរបស់ខ្លួនវិញ និងថែមទាំងបានដណ្តើមយកទីតាំងមួយចំនួនថែមទៀតវេលាចុងក្រោយនេះ។
អ៊ុយក្រែនក្នុងថ្ងៃដែលសង្គ្រាមឈានចូលថ្ងៃទី២២៤ បានថ្លែងថាកងកម្លាំងរបស់ខ្លួនបានដណ្តើមយកទីតាំងបានជាច្រើនទៀតក្នុងតំបន់ Kherson ដែលជាតំបន់មួយ ក្នុងតំបន់ទាំង៤ ដែលរុស្ស៊ីទើបដាក់បញ្ចូលជាទឹកដីរបស់ខ្លួននោះ។ មេដឹកនាំអ៊ុយក្រែនលោក ហ្សេលេនស្គី បានថ្លែងថា «ថ្ងៃនេះគេបានទទួលដំណឹងល្អជាច្រើនពីដំណឹងនៅ សមរភូមិផងនិងពីដំណឹងនៃសមរភូមិការទូតផងដែរ។ លោកថាកងកម្លាំងអ៊ុយក្រែនបានធ្វើការវាយសម្រុកយ៉ាងលឿនក្នុងតំបន់ភាគខាងត្បូងប្រទេសនិងបានចូលរំដោះ យកបានទីតាំងមួយចំនួនដែលសុទ្ធជាទីតាំងដែលត្រូវបានរុស្ស៊ីធ្វើប្រជាមតិក្លែងក្លាយដណ្តើម យកក្នុងសប្តាហ៍នេះ។ លោកថាការវាយប្រហារដណ្តើមយកទីតាំងបានមកវិញ ក្នុងសប្តាហ៍នេះ រួមមានទីតាំងនៅក្នុងតំបន់ Kherson, តំបន់ Kharkiv, តំបន់ Luhansk, និងតំបន់ Donetsk»។
មេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសអះអាងមុននេះថា នៅពេលដែលតំបន់ទាំង៤ បានស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ីរួចហើយ, ការវាយប្រហារណាមួយ កើតឡើងក្នុងតំបន់នោះ គឺស្មើនឹងការវាយប្រហារដាក់លើរុស្ស៊ី ដែលមន្ត្រីវិមានក្រឹមឡាំងអះអាងថាគេនឹងប្រើប្រាស់កម្លាំងយោធាពេញលេញដោយរួមមានទាំង អាវុធប្រល័យលោកថែមទៀត។ នាពេលនេះ តំបន់លូហានស៍, ដូណេតស៍, ហ្សាប៉ូរីហ្សៀ និងតំបន់ Kherson ត្រូវរុស្ស៊ីបានដាក់បញ្ចូលមកជាតំបន់រណបរបស់ខ្លួនហើយ ប៉ុន្តែរុស្ស៊ីមិនទាន់បានប្រើអាវុធប្រល័យលោក ណា មួយនៅឡើយទេ។ សេចក្តីរាយការណ៍ The Guardian បានឱ្យដឹងថានៅថ្ងៃព្រហស្បតិ៍នេះរុស្ស៊ីបានបាញ់គ្រាប់រ៉ុក្កែត ចំនួន៧គ្រាប់ក្នុងតំបន់ហ្សាប៉ូរីហ្សៀ ដើម្បីទប់ទល់ការវាយប្រហាររបស់អ៊ុយក្រែនក្នុងការប៉ុនប៉ងចូលដណ្តើមយកវិញនៅទីនោះ។ មនុស្សយ៉ាងហោច៥នាក់ ត្រូវគេរាយការណ៍ថាបានស្លាប់ក្នុងការវាយប្រហារនោះ។
សេចក្តីរាយការណ៍អាល់ហ្សាហ្ស៊ីរ៉ា បាននិយាយថា រុស្ស៊ីបានចល័តទាហានកេណ្ឌថ្មីចំនួន ២០ម៉ឺននាក់ទៅកាន់តំបន់សមរភូមិប្រយុទ្ធ ប៉ុន្តែនៅតែ មិនអាចរុញច្រានទាហានអ៊ុយ ក្រែន ដែលចេះតែបន្តការវាយលុកចូលដណ្តើមយកទឹកដីភាគ ខាងកើតនិងខាងត្បូងរបស់ខ្លួនមកវិញនោះឡើយ៕