(សេអ៊ូល)៖ នៅថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងជើងបាញ់តេស្តមីស៉ីលផ្លោងរយៈចម្ងាយខ្លីចំនួន២គ្រាប់ ចូលទៅក្នុងផ្ទៃសមុទ្រ ហើយជាការឆ្លើយតបភ្លាមៗ នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក ព្រមទាំងនាវាចម្បាំងរបស់ជប៉ុននិងកូរ៉េខាងត្បូង ក៏បានរួមគ្នាហាត់សមលើការបាញ់ទម្លាក់ មីស៉ីលរបស់ទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០២២។
ការបាញ់តេស្តមីស៉ីល នាថ្ងៃព្រហស្បតិ៍នេះរបស់ទីក្រុងព្យុងយ៉ាង គឺធ្វើឡើងបន្ទាប់ពី នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក USS Ronald Reagan ត្រូវបានចល័តទៅកាន់ដែនទឹកក្បែរឧបទ្វីបកូរ៉េសាជាថ្មី ហើយក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានកោះប្រជុំពាក់ព័ន្ធការធ្វើតេស្តមីស៉ីល ជាបន្តបន្ទាប់ ដោយកូរ៉េខាងជើងមួយរយៈចុងក្រោយនេះ។
ក្នុងកំលុងពេល១២ថ្ងៃមកនេះ កូរ៉េខាងជើងបានបាញ់តេស្តមីស៉ីលសរុប៦លើក ក្នុងចំណោមនោះថែមទាំងបានបាញ់មីស៉ីលផ្លោងបាលីស្ទីគ រយៈចម្ងាយមធ្យម IRBM រំលងប្រទេសជប៉ុនទៀតផង កាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយបើសរុបនៅក្នុងឆ្នាំនេះវិញ គឺទីក្រុងព្យុងយ៉ាងបានបាញ់មីស៉ីលប្រហែល ៤០គ្រាប់ហើយ។
គួរបញ្ជាក់ថា បើតាមយោធាកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីឆ្លើយតបចំពោះការបាញ់តេស្តមីស៉ីលរបស់កូរ៉េខាងជើង នាវាអាមេរិក Ronald Reagan ព្រមទាំងនាវាអមដំណើររបស់ខ្លួន បានចូលរួមជាមួយនាវាចម្បាំងដទៃទៀតរបស់កូរ៉េខាងត្បូង និងជប៉ុន ក្នុងហ្វឹកហាត់ការពារមីស៉ីល នៅលើផ្ទៃសមុទ្រ៕