(ប៉េកាំង)៖ ពីរបីថ្ងៃកន្លងទៅនេះ ក្នុងមហាសន្និបាតលើកទី៥១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ តំណាងចិនបានសម្តែងការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះស្ថាប័នអនុវត្តច្បាប់របស់ប្រទេសមួយចំនួន ដូចជាអាមេរិកជាដើម បានអនុវត្តច្បាប់ប្រកបដោយភាពរើសអើងចំពោះជនជាតិភាគតិច ហើយទាមទារឱ្យពួកគេប្រកាន់ឥរិយាបថត្រឹមត្រូវ ចំពោះពូជសាសន៍និយមនិងបញ្ហារើសអើងពូជសាសន៍យ៉ាងធ្ងន់ធ្ងររបស់ខ្លួន ក្នុងន័យអនុវត្ត «សេចក្តីប្រកាសនិងកម្មវត្ថុប្រតិបតិ្តក្រុង Durban» យ៉ាងប្រាកដប្រជា ដើម្បីកុំឱ្យសោកនាដកម្មរបស់លោក George Floyd កើតឡើងម្តងទៀត។

«ខ្ញុំមិនអាចដកដង្ហើមបាន» នេះជាពាក្យសំដីចុងក្រោយបំផុតរបស់លោក George Floyd ជនជាតិអាមេរិកដើមកំណើតអាហ្វ្រិក ដែលត្រូវបានប៉ូលីសស្បែកសរបស់សហអាមេរិកម្នាក់ យកជង្គង់សង្កត់ករហូតដល់ស្លាប់បាត់បង់ជីវិត។ សោកនាដកម្មនេះបានបណ្តាលឱ្យ ផ្ទុះការតវ៉ានិងចលាចលក្នុងទ្រង់ទ្រាយធំនៅទូទាំងអាមេរិក។ ប៉ុន្តែ រឿងនេះមិនបានធ្វើឱ្យអាជ្ញាធរអាមេរិក ពិចារណាពីកំហុសរបស់ខ្លួននោះទេ។ តាមស្ថិតិឱ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំបន្ទាប់ពីលោក George Floyd ត្រូវបានសម្លាប់ដោយប៉ូលីសយកជង្គង់សង្កត់ក ប៉ូលីសនៅទូទាំងអាមេរិក បានសម្លាប់ជនជាតិអាមេរិកដើមកកំណើតអាហ្វ្រិក យ៉ាងហោចណាស់ចំនួន២២៩នាក់។ ចាប់ពីចូលឆ្នាំនេះមក អាមេរិកបានកើតមានព្រឹតិ្តការណ៍ប៉ូលីសអនុវត្តច្បាប់ ដោយអំពើហិង្សាចំពោះប្រជាពលរដ្ឋដើមកំណើតអាហ្វ្រិកជាច្រើនលើក ទង្វើយ៉ាងឃោរឃៅរបស់អ្នកអនុវត្តច្បាប់គួរឱ្យអ្នកផងព្រឺព្រួច។

លោក ម៉ៃឃើល ធឺស៊ីឡឺ បញ្ញវន្តផ្នែកនយោបាយរបស់អាមេរិកបានលើកឡើងថា ប្រជាជនអាមេរិកកាន់តែច្រើនឡើងៗ សម្គាល់ឃើញថា ក្នុងរយៈពេល៥០ឆ្នាំកន្លងទៅ អាមេរិកមិនបានទទួលវឌ្ឍនភាព ខាងពូជសាសន៍ដ៏ពិតប្រាកដនោះទេ អត្រាដែលទទួលស្គាល់ថាជនជាតិអាមេរិកដើមកំណើតអាហ្វ្រិករងការរើសអើង បានកើនពី១៩ភាគរយ នាឆ្នាំ២០១៣ឡើងដល់៥០ភាគរយ នាឆ្នាំ២០២០។ តាមពិតទៅ ក្រៅពីជនជាតិអាមេរិកដើមកំណើតអាហ្វ្រិក ជនជាតិដើមភាគតិចនិងក្រុមមនុស្សមួយចំនួន ដូចជាជនជាតិអាមេរិកដើមកំណើតអាស៊ី និងជនជាតិមូស្លឹមជាដើម ក៏ត្រូវដាក់ឱ្យនៅដាច់ដោយឡែក ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ និងគោលនយោបារបស់រដ្ឋាភិបាលអាមេរិក ដែលប្រកបដោយលក្ខណៈរើសអើង សិទ្ធិគ្រប់ផ្នែករបស់ពួកគេត្រូវបានបំពាន ហើយរងការគំរាមកំហែងនិងផលប៉ះពាល់ ពីកម្លាំងហិង្សាគ្រប់ពេលវេលា។

កាលពី២១ឆ្នាំមុន មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើ «សេចក្តីប្រកាសនិងកម្មវត្ថុប្រតិបតិ្តក្រុង Durban» ដោយបានលើកឡើងថា ត្រូវធ្វើសកម្មភាពប្រទេសជាតិនិងអន្តរជាតិ ប្រឆាំងពូជសាសន៍និយម ការរើសអើងពូជសាសន៍ គំនិតចងគំនុំជាមួយជនជាតិក្រៅប្រទេស និងបាតុភូតពាក់ព័ន្ធដែលមិនអាចអត់ទ្រាំបាន ដើម្បីធានាអះអាងឱ្យទទួលបាន សិទ្ធិមនុស្សគ្រប់ផ្នែក។ ក្នុងមហាសន្និបាតលើកទី៥១នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិដែលកំពុងបើកធ្វើ អង្គប្រជុំដាស់តឿនឱ្យអាមេរិកចាត់វិធានការយ៉ាងប្រាកដប្រជា ដើម្បីដោះស្រាយបញ្ហាពូជសាសន៍និយមជាប្រព័ន្ធក្នុងស្រុក។

ប្រឈមមុខនឹងសំឡេងរិះគន់ពីសំណាក់សហគមន៍អន្តរជាតិ អាមេរិកមិនត្រូវធ្វើមិនដឹងមិនឮនោះទេ តែគឺត្រូវចាត់ទុកសំឡេងរិះគន់ទាំងនេះ ជាកម្លាំងជំរុញសម្រាប់កែលំអសភាពការណ៍សិទ្ធិមនុស្សរបស់ប្រទេសខ្លួន។ ខណៈពេលអាមេរិកធ្វើការជ្រៀតជ្រែកចំពោះ កិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀត ដោយយកសិទ្ធិមនុស្សធ្វើជាលេស គួរតែដេរប៉ះសម្លៀកបំពាក់សិទ្ធិមនុស្សរបស់ខ្លួន ដែលរហែកគ្រប់កន្លែងនោះ ហើយត្រូវបោសសម្អាតផ្ទះសម្បែងរបស់ខ្លួនសិន៕

អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន